មានដំណឹងពីអេស្ប៉ាញបញ្ជាក់ថា Lionel Messi បានប្រាប់ទៅថ្នាក់ដឹកនាំក្លឹប FC Barcelona ថារូបគេនឹងបន្ដលេងទីនេះទៀត ប៉ុន្តែប្រធានក្លឹបត្រូវចំណាយប្រាក់ទិញកីឡាករឆ្នើមៗមកស្ដារមុខមាត់ក្រុមឡើងវិញដែរ។
នៅសល់ពេលត្រឹម២ ខែទៀតប៉ុណ្ណោះ Messi នឹងអស់កុងត្រានៅ Camp Nou ហើយ។ ស្របពេលការចុះកុងត្រាបន្ដនោះក៏មិនទាន់មានកើតឡើងជាផ្លូវការដែរ ដែលធ្វើឱ្យអ្នកគាំទ្រ ទន្ទឹងរង់ចាំជាខ្លាំង ។ ដោយឡែកនៅពេលនេះ ក៏ស្រាប់តែធ្លាយដំណឹងថា ប្រធានក្រុមរូបនេះ នឹងមិនចាកចេញទៅណាទេ ប្រសិនបើរដូវកាលក្រោយក្លឹប ព្រមចំណាយប្រាក់ច្រើន ដើម្បីទិញកីឡាករល្អៗមកជួយក្រុមវិញ ។
លោក Laporta ប្រធានក្លឹប FC Barcelona ដែលទើបឡើងកាន់តំណែង ធ្លាប់បានសន្យារជាមួយអ្នកគាំទ្រថា លោកនឹងធ្វើគ្រប់យ៉ាងដើម្បីឱ្យ Messi បន្ដកុងត្រាថ្មី។ ដូច្នេះពេលនេះ លក្ខខណ្ឌទិញកីឡាករថ្មីបន្ថែមដែលល្អៗ និងស្ដារមុខមាត់ក្លឹបឡើងវិញបាន គឺអាចនឹងធ្វើឱ្យកីឡាករ អាហ្សង់ទីនព្រមនៅលេងឱ្យបន្ដទៀតហើយ។
យ៉ាងណា ការទាមទារចំណាយប្រាក់ដើម្បីទិញកីឡាករថ្មីបន្ថែមទៀតនោះ ទំនងជាពិបាកបន្តិចសម្រាប់ក្លឹបអំឡុងពេលវិបត្តិសេដ្ឋកិច្ចដោយសារកូវីដ១៩នេះ ។ ក្លឹបទាំងអស់ បាត់ចំណូលច្រើនណាស់ ជាពិសេសដោយសារលេង ដោយគ្មានអ្នកគាំទ្រចូលទស្សនានេះឯង៕ sabay