ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការរងគណៈកម្មការជាតិរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក Caesy Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ជួបសម្តែងការគួរសមពិសាអាហារ និងបង្ហាញនូវវត្តមានគ្រូជម្រើសជាតិចំបាប់កម្ពុជា គឺលោក Komeil Ghasemi ។
លោក Komeil Ghasemi គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់នឹងចាប់ផ្តើមបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា រយៈពេល១ឆ្នាំតាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មការជាតិរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។
លោក អ៊ុក សិទ្ធិជាតិបានមានប្រសាសន៍ថា លោកសូមថ្លែងអំណរគុណដល់លោកគ្រូបង្វឹក Komeil Ghasemi ដែលបានមកដឹកនាំបង្វឹកដល់ក្រុមកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិកម្ពុជា ដើម្បីសម្រួចបច្ចេកទេស និងត្រៀមខ្លួនចូលរួមព្រឹត្តិការកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងបន្តទៅកាន់ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ។
ឲ្យលោក Caesy Barnett ក៏បានមានប្រសាសន៍ថា គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់បានមកដល់កម្ពុជាជាង៣សប្តាហ៍មកហើយ ប៉ុន្តែលោកបានធ្វើចត្តាឡីស័ក១៤ថ្ងៃតាមគោលការណ៍សុខាភិបាល។ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក១ថ្ងៃ គឺនៅថ្ងៃច័ន្ទ ទី៩ ខែសីហា ឆ្នាំ២០២១ នេះទើបលោក Komeil Ghasemi ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា រូបលោក និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា។
លោកបន្តថា Komeil Ghasemi គឺ ជា អតីតម្ចាស់ ជ័យលាភីមេដាយមាស អូឡាំពិក ២០១២ នៅ ទីក្រុងឡុងដុងក្នុង ប្រទេស អង់គ្លេស ហើយ លោក នឹង មក ធ្វើ ជា គ្រូបង្វឹក ក្រុមកីឡាករចំបាប់ ជម្រើស ជាតិកម្ពុជា យើង តែម្ដង៕