កីឡា

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយ ជើងឯកពិភពលោក នៅអេស្ប៉ាញ

ភ្នំពេញ៖ កីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ បានយកឈ្នះកីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ ។

កីឡាការិនី អ៊ុក ស្រីមុំ បានយកឈ្នះ កីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះ កីឡាការិនីន័រវេសនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្រ បន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣ ៧ទល់២៩ ។

ជ័យជំនះនេះ បានធ្វើអោយកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២របស់កម្ពុជា ដែលរកបានមេដាយមាស ៥ជំនាន់ជាប់ៗគ្នា បន្ទាប់ពីវីរ:កីឡាការិនីកែ ឡេង  ឈ្នះក្នុងឆ្នាំ២០១៣ , ២០១៥ , ២០១៧ ,២០១៩ និងឆ្នាំ២០២១ ។ 

កាលពីឆ្នាំ២០១៧កីឡាការិនី អ៊ុក ស្រីមុំ  ធ្លាប់ឈ្នះមេដាយមាស ជូនព្រះរាជាណាចក្រកម្ពុជាម្ដងហើយ ពេលនេះកីឡាការិនីរូបនេះ បានកាន់កាប់តំណែង ជាម្ចាស់មេដាយមាសម្ដងទៀត ។ 

សម្រាប់ព្រឹត្តិការណ៍ ប្រកួតជើងឯកពិភពលោកនេះ កម្ពុជាបានបញ្ជូនក្រុមកីឡាប៉េតង់ជម្រើសជាតិ ២ក្រុម ទៅចូលរួម ក្នុងនោះក្រុមកីឡាការិនី ៤រូប បានចេញដំណើរទៅចូលរួមការប្រកួតមុន ពីថ្ងៃទី១២ដល់១៤ ខែវិច្ឆិកា មុនក្រុមបុរស ដែលគ្រោងចេញដំណើរនៅថ្ងៃទី១៦វិច្ឆិកា ដើម្បីត្រៀមប្រកួតពីថ្ងៃទី១៩ដល់២១ ខែវិច្ឆិកាខាងមុខ ។ ចំពោះបេក្ខភាពកីឡាករមាន ៤រូបដូចគ្នា រួមមានអតីតម្ចាស់មេដាយមាស ពិភពលោក ឆ្នាំ២០១៦ សុខ ចាន់មាន, ថោង ឈឿន, ញ៉ែម បូរ៉ា និងកីឡាករ ស៊ឹង វង់ ។

 លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជាជាអ្នកដឹកនាំ ទៅចូលរួមការប្រកួតនេះ៕

Most Popular

To Top