កីឡា

អ្នកប្រដាល់ វី សុភ័ស គ្រងតំណែងជើង​ឯក ព្រឹត្តិការណ៍ Ultimate Boxing Championship 2021

ភ្នំពេញ ៖ ទីបំផុត អ្នកប្រដាល់ វី សុភ័ស បានគ្រងតំណែងជើងឯក និងដណ្តើមប្រាក់លាន ក្រោយយកឈ្នះអ្នកប្រដាល់ ទូច ដេវីត នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងព្រឹត្តិការណ៍ Ultimate Boxing Championship 2021 សប្តាហ៍ទី៦ ដែលជាសប្តាហ៍ បញ្ចប់ប្រចាំឆ្នាំ២០២១ រៀបចំដោយសហព័ន្ធកីឡាប្រដាល់ សកលកម្ពុជាផ្ទាល់ ។

អ្នកប្រដាល់ វី សុភ័ស ជាអ្នកប្រដាល់ជម្រើសជាតិ មកពីក្លិបប្រដាល់ នាយកដ្ឋានអង្គរក្ស និងអ្នកប្រដាល់ ទូច ដេវីតក៏ជាអ្នកប្រដាល់ ជម្រើសជាតិ មកពីក្លិបអារុណរះកីឡា ។ សម្រាប់ការប្រកួតដ៏ជក់ចិត្ត នៅវគ្គផ្តាច់ព្រ័ត្រនេះ វី សុភ័ស ប្រជែង បានម្ចាស់ជើងឯកគូដណ្តើមប្រាក់លាន ក្នុងប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម ដោយទទួល បានប្រាក់រង្វាន់ចំនួន ៣លានរៀល ខណៈជើងឯករង ទូច ដេវីត ទទួលបានប្រាក់រង្វាន់ ១លានរៀល ។

វី សុភ័ស និយាយក្រោយបញ្ចប់ការ ប្រកួតថា ការប្រកួតនេះ ពិតជាស្វិតស្វាញណាស់ ជាពិសេសចាប់ពីទឹកទី២ទៅ ទូច ដេវីត ដែល ជាជើងខ្លាំង បានព្យាយាម វាយបកយ៉ាងខ្លាំងក្លា ប៉ុន្តែ សុភ័ស ព្យាយាមគេច ហើយប្រើបច្ចេកទេសវាយឆ្មក់ចំៗ គោលដៅបានល្អ ជាងទើបធ្វើឪ្យ គេទទួលបានពិន្ទុ នាំមុខគ្រប់ទឹកទាំងអស់ ហើយបានឈ្នះជើងឯក នៅវគ្គផ្តាច់ព្រ័ត្រនេះតែម្តង ។ គេបន្តថាថា ការប្រកួតនេះពិតជាសំខាន់សម្រាប់ រូបគេដែលមិនត្រឹមតែដណ្តើម បានប្រាក់រង្វាន់លើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណេញបានទាំង បច្ចេកទេសកាន់តែច្រើន ព្រោះការហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិកាន់តែល្អ គឺដោយសារមានការប្រកួតកាន់តែច្រើន ព្រមទាំងបន្ថែមបាន នូវគុណភាពបច្ចេកទេស កាន់តែខ្ពស់ រួមទាំងបទពិសោធន៍ លើសង្វៀនទៀតផង ។

អគ្គលេខាធិការសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានលើកឡើងថា នេះជាសប្តាហ៍ទី៦ និងជាសប្តាហ៍ចុងក្រោយ នៃព្រឹត្តិការណ៍ Ultimate Boxing Championship 2021 ដែលជាគោលដៅ បង្កើន បច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម២លើក ចំពោះមុខនោះគឺ យើងអាចវាយតម្លៃ ជារួមថាវាជាជោគជ័យ ដ៏ត្រចេះត្រចង់ ។ អ្វីដែលទទួលបានពីការខិតខំរៀបចំការប្រកួតនេះ គឺទី១ យើងទទួលបានអត្ថប្រយោជន៍ នៃការពង្រឹងកម្រិតបច្ចេកទេស របស់កីឡាករជម្រើសជាតិ ត្រៀមទៅចូលរួមប្រកួតជើងឯកថ្នាក់ជាតិ នាថ្ងៃទី២៣ទៅ២៦ខែធ្នូឆ្នាំ២០២១ ។ ទី២គឺជួយជំរុញឲ្យក្រុមជម្រើសជាតិ កាន់តែមានបច្ចេកទេសគ្រប់គ្រាន់ត្រៀម ឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ។

អគ្គលេខាធិការរូប នេះបន្ថែមទៀតថា បណ្តាស្ថានីយទូរទស្សន៍នានា បានចាប់អារម្មណ៍លើការដាក់បញ្ជូល នូវប្រភេទកីឡា ប្រដាល់សកល នៅក្នុងកម្មវិធីប្រកួតប្រដាល់គុនខ្មែរ ប្រចាំសប្តាហ៍ របស់ខ្លួនដោយទាំងអស់នេះ គឺជាសមិទ្ធផលថ្មីៗបន្ថែម ដែលសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ទទួលបាន ពីការរៀបចំ Ultimate Boxing Championship 2021 ជាលើកដំបូងនេះ ៕ដោយ៖លី ភីលីព

Most Popular

To Top