កីឡា

លោក គៀត ច័ន្ទថារិទ្ធ ប្តេជ្ញាបន្តបេសកកម្មថ្មីៗ សម្រាប់ដំណើរអភិវឌ្ឍឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2023

ភ្នំពេញ៖ មហាសន្និបាតសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា ដែលបានរៀបចំមហាសន្និបាត បញ្ចប់អាណត្តិចាស់ (ទី៦) ឆ្នាំ២០១៧-២០២១ របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះបានបន្តគាំទ្រ លោក គៀត ច័ន្ទថារិទ្ធ ដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មីទៀត ។

មហាសន្និបាតសម្រេច បាននូវសមាសភាព គណៈកម្មាធិការប្រតិបត្តិ សរុបចំនួន១៧រូប ក្នុងនោះ លោក គៀត ច័ន្ទថារិទ្ធ ប្រធាន និងអនុប្រធានទី១ ឧត្តមសេនីយ៍ឯក បណ្ឌិត ដួង ហេង និងអនុប្រធានទី២ លោក តែ សុខហុង អមដោយអនុប្រធាន៥រូប និងលោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ ព្រមទាំងសមាជិកមួយចំនួនទៀត ។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ បានរាយការណ៍ជូន ពីស្ថានភាពលំបាក និងផលវិជ្ជមាន ដែលជាសមិទ្ធផល ដែលសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា បានប្រឹងប្រែងបន្តដំណើរ ការអភិវឌ្ឍពេញ ១អាណត្តិកន្លងទៅនេះ។ បច្ចុប្បន្ននេះ សហព័ន្ធមានក្លិប-សមាគម ក្រុមហ៊ុន សាលារៀន សរុបចំនួន ២៤ មានកីឡាករ កីឡាការិនីជាង ១៧០នាក់។ សហព័ន្ធក៏មានមន្ត្រីអាជ្ញាកណ្តាល ចំនួន២៥ រូប អាជ្ញាកណ្តាលអន្តរជាតិ១រូបផងដែរ។ ជាមួយគ្នានេះ សហព័ន្ធក៏បានរៀបចំបង្កើត គណៈកម្មការបច្ចេកទេស ក្នុងគោលបំណងអភិវឌ្ឍបច្ចេកទេស ក្នុងការហ្វឹកហាត់ និងការរៀបចំការប្រកួតនានា ជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងសកម្មភាពការងារ ជាច្រើនទៀតផងដែរ។

ក្នុងនាមប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា អាណត្តិថ្មី លោក គៀត ច័ន្ទថារិទ្ធ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការ បន្តបេសកកម្មថ្មីៗបន្តទៀត ជាពិសេសគឺដំណើរអភិវឌ្ឍឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោកក៏បានសម្តែង ក្តីរីករាយក្រៃលែង និងមានកិត្តិយស ដែលសមាជិកគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធទាំងអស់ បានផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់ ក្នុងការបោះឆ្នោតជូនឯកឧត្តម មកបន្តដឹកនាំសហព័ន្ធ អាណត្តិទី៧នេះ។

លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា អាណត្តិទី៧នេះ គឺជាអាណត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុត ក្នុងអំឡុងដែលព្រះរាជណាចក្រកម្ពុជា ត្រៀមឆ្ពោះទៅរៀបចំធ្វើ ម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីជាការឆ្លើយតបទៅនឹងទំនុកចិត្តនេះ
លោកបានប្តេជ្ញាចិត្តខ្ពស់ ដើម្បីជំរុញឲ្យទទួល បានលទ្ធផលល្អប្រសើរ ជាពិសេសឲ្យទទួលបានជោគ ជ័យក្នុងការប្រកួតកីឡា SEA GAMES លើក លើកទី៣២ ឆ្នាំ២០២៣។

នៅក្នុងមហាសន្និបាតនេះលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងអំណរគុណដល់លោក គៀត ច័ន្ទថារិទ្ធ ដែលបានដឹកនាំសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជាមាន ភាពល្អប្រសើរក្នុងអាណត្តិកន្លងទៅ ហើយក៏បានអបអរសារទរ ចពោះការដឹកនាំរបស់គណកម្មាធិការ ប្រតិបត្តនៅអាណត្តិថ្មីបន្តទៀត ។

លោក អ៊ុក សិទ្ធិជាតិ ក៏បានថ្លែងអំណរគុណដល់ ស្ថាប័នឯកជនដែល បាននិងកំពុងជួយគាំទ្រ ឧបត្ថម្ភដល់សហព័ន្ធរួម ជាមួយនឹងប្រាក់ឧបត្ថម្ភ និងប្រាក់រង្វាន់របស់ក្រសួង អាចនឹងធ្វើឲ្យការដឹកនាំ និងសមត្ថភាពរបស់កីឡា វាយកូនឃ្លីលើតុកានតែរីចម្រើន ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា តំណាងលោកបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក៏បានមានប្រសាសន៍ឲ្យថ្នាក់ដឹកនាំ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ត្រូវមានយុទ្ធសាស្រ្ត និងយុទ្ធវិធីយ៉ាងណា ដើម្បីជំរុញឲ្យផ្នែកកីឡាវាយកូនឃ្លី លើតុរបស់កម្ពុជានេះមានភាពខ្លាំង ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ និងការប្រកួតអន្តរជាតិ នាពេលខាងមុខទៀត ៕

Most Popular

To Top