ភ្នំពេញ៖ លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡានគរបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី១ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបិទការប្រកួត កីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ និងការប្រកួតដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី០៨ ឆ្នាំ២០២១នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងមជ្ឈមណ្ឌលកីឡា នគរបាលជាតិកម្ពុជា។
លោក ជា សែនវិស្សុត បានររាយការណ៍ថា ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ និងការប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡា ហោម ស ខេង លើកទី០៨ ឆ្នាំ២០២១ បានបើកការប្រកួតជាផ្លូវការ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅទីលាននៃក្លិបកីឡាជាយក្រុង Cambdian Country Club (CCC)។ ជើងឯកថ្នាក់ជាតិ និងការប្រកួតដណ្តើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី០៨ ឆ្នាំ២០២១ នេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ចំនួន៦៣រូប មកពីសមាគម-ក្លិប ក្រសួង-ខេត្ត ចំនួន០៦ ។
លោកបានបន្តថា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។ វិញ្ញាសា នៃការប្រកួត មានសរុបចំនួន០៩ ដូចជា៖ វិញ្ញាសាវាយឯកត្តជនបុរស វាយឯកត្តជននារី វាយគូបុរសអក្សរ “ក” វាយគូនារី វាយគូបុរសអក្សរ”ខ” វាយគូចម្រុះបុរស-នារី វាយឯកត្តជនយុវជន វាយក្រុមបុរស និងវាយក្រុមនារី។
លោកបណ្ឌិត ជា ប៊ុនហេង បានមានប្រសាសន៍ថា ក្នុងនាម សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា សូមប្តេជ្ញាចិត្តថា នឹងបូជានូវកម្លាំងកាយចិត្ត ខិតខំប្រឹងប្រែង ពង្រឹងនូវវិស័យ កីឡាមួយនេះ ឲ្យកាន់តែមានប្រជាប្រិយភាព ភាពល្បីល្បាញ និងមានមោទនភាពជាតិ ទាំងនៅថ្នាក់ជាតិ និងលើឆាកអន្តរជាតិ ។ ជាពិសេសជួយជំរុញ និងដាស់ស្មារតីទឹកចិត្ត កីឡាករ-ការិនី ឲ្យមានភាពស្វាហាប់ និងប្រកួតប្រជែងខ្ពស់ ដើម្បីប្រណាំងប្រជែង ក្នុងការដណ្តើម យកជ័យលាភី ជូនជាតិមាតុភូមិ ដោយទទួលបានការ អនុញ្ញាជាគោលការណ៍ពី សម្តេចក្រឡាហោម ប្រធានសហព័ន្ធ និងទទួលបានថវិកាគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា និងសហការឧបត្ថម្ភ ដោយក្រុមហ៊ុនឯកជន ៕