កីឡា

ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើ ដាក់បញ្ចូលកីឡាតេក្វាន់ដូ ITF ចូលកីឡាអូឡាំពិកអន្តរជាតិ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យគណៈកម្មការ អូឡាំពិកអន្តរជាតិ ដាក់បញ្ចូលកីឡាតេក្វាន់ដូ របស់កូរ៉េខាងជើង ចូលក្នុងកីឡាអូឡាំពិកអន្តរជាតិ ដើម្បីជាការលើកទឹកចិត្ត ឲ្យមានការបង្រួបបង្រួមជាតិ នៅក្នុងឧបទ្វីបកូរ៉េ ព្រោះបច្ចុប្បន្ន មាន WT(World Taekwondo) របស់កូរ៉េខាងត្បូង និង ITF(International Taekwondo Federation) របស់កូរ៉េខាងជើង ។

សម្ដេចស្នើបែបនេះ នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ សម្ដេចតេជោ គិតថា សម្រាប់ផ្នែក អ្នកនយោបាយ ដូចជាប្រធានាធិបតីកូរ៉េខាងត្បូង មុននឹងដាច់អាណត្តិ គឺខិតខំដើម្បីឱ្យ មានកិច្ចព្រមព្រៀង សម្រប សម្រួល ជាមួយកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។ ដូច្នេះយើងដែលជាអ្នកក្រៅ ចង់ឃើញឧបទ្វីបកូរ៉េ មានសុខសន្តិភាព គួរគាំទ្រឲ្យកីឡា របស់កូរ៉េខាងជើង មាននៅក្នុងកីឡាអូឡាំពិកអន្តរជាតិ ហើយយើងសង្កេតឃើញថា អាយធីអេហ្វ ដែលដឹកនាំដោយឯកឧត្តម កែវ រ៉េមី គឺជាប្រភេទកីឡាសក្តានុពលខ្លាំង អាចដណ្តើមបានមេដាយមាស ។

សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF នេះកម្ពុជា មានសក្ដានុពលខ្លាំងមែនទែន ។ នៅក្នុងការប្រកួតជើង ឯកពិភពលោក នាឆ្នាំ២០១៨ នៅទីក្រុងព្យុងយ៉ាង ប្រទេសកូរេខាងជើង កម្ពុជាដណ្ដើមបានចំណាត់ថ្នាក់លេខ២ បន្ទាប់ ពីម្ចាស់ផ្ទះ និង ឆ្នាំ២០១៩ ក្នុងការប្រកួតជើង ឯកពិភពលោក នៅប្រទេស ប៊ុលហ្គារីកម្ពុជា ប្រជែងបានចំណាត់ថ្នាក់ លេខ១១ ក្នុងចំណោមប្រទេស ចូលរួម ចំនួន៨៧ ប្រទេស ។

សម្រាប់ការប្រកួត ឆ្នាំ២០២៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រភេទកីឡាតេក្វាន់ដូ ITF នេះត្រូវបានកម្ពុជាសម្រេចដាក់ឲ្យមានការប្រកួត ។ ជាមួយគ្នានេះលោក កែវ រ៉េមី ជាប្រធានសហព័ន្ធន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និង ជាប្រធានសហព័ន្ធ កីឡាតេក្វាន់ដូ ITF តំបន់អាស៊ីអាគ្នេយ៍ផងនោះ បានអះអាងថា កម្ពុជានឹងដណ្ដើមមេដាយមាស ឲ្យបាន១៥គ្រឿង ៕

Most Popular

To Top