ភ្នំពេញ៖ក្លិបកីឡាការ៉ាតេក្រសួងការពារជាតិ ក្លិបកីឡាការ៉ាតេក្រសួងមហាផ្ទៃ និងក្លិបកីឡាការ៉ាតេហនុមានដណ្តើមបានមេដាយច្រើនជាងគេ ខណៈក្រសួងការពារជាតិគ្រង់តំណែងជើងឯកនៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ក្រោយពីបញ្ចប់ការប្រកួតផ្លូវការនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេនៃសាកលវិទ្យាល័យវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្នុងឪកាសពិធីបិទការប្រកួតជាផ្លូវការក្រោមវត្តមានលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ រួមមានមេដាយមាស១១ ប្រាក់៦ និងសំរឹទ្ធ ៤ ក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ មេដាយមាស ៨ ប្រាក់២ និងសំរឹទ្ធ៦ ក្លិបហនុមានចំណាត់ថ្នាក់លេខ៣ មេដាយមាស ៤ ប្រាក់៧ និងសំរឹទ្ធ ៨ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំណាត់ថ្នាក់លេខ៤ មេដាយមាស ៤ ប្រាក់៤ និងសំរឹទ្ធ១០គ្រឿង ម៉ូរាមដូយូកែចំណាត់ថ្នាក់លេខ៥ មេដាយមាស ២ និងប្រាក់១ និងទីក្រុងសេះថ្នាក់លេខ៦ មេដាយមាស ២ និងសំរឹទ្ធ៣គ្រឿង ក្រៅពី៦ក្លិបឈ្នះមេដាយច្រើនជាងគេនេះ ក៏មានក្លិបជាច្រើនទៀតដណ្តើមបានមេដាយដែរក្នុងចំណោមក្លិបចូលរួមចំនួន ២៤ក្លិបសមាគម-សាលាគុន និងមណ្ឌលកីឡាការ៉ាតេមកពីទូទាំងប្រទេសលើ៣៤វិញ្ញាសា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍នេះមានអ្នកចូលរួមសរុបចំនួន ២២៧នាក់។ ចំពោះគណៈកម្មការរៀបចំមានចំនួន៧៧នាក់ ដែលបានខិតខំរៀបចំការប្រកួតអស់រយៈពេល៤ថ្ងៃ ដោយជំរុញឲ្យព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះបានដំណើរការដោយរលូន និងកាត់បន្ថយបញ្ហាបានជាង ៩០ភាគរយបើប្រៀបធៀបនឹងព្រឹត្តិការណ៍ដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ៕