កីឡា

ការប្រកួត កីឡាបាល់ទាត់ ពាន់រង្វាន់អភិបាល ខេត្តកណ្ដាលឆ្នាំ២០២២ ចាប់ផ្តើមនាពេល ឆាប់ៗនេះ

ខេត្តកណ្តាល៖លោក ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលឆ្នាំ២០២២ និងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល អញ្ជើញបើកកិច្ចប្រជុំជាមួយគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឆ្នាំ២០២២ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល។

គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ពាន់រង្វាន់ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឆ្នាំ២០២២ ត្រូវណែនាំដល់ក្រុមកីឡាករដែលបានដាក់ពាក្យចូលរួមប្រកួតត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ មានសាមគ្គីភាព ត្រូវតាំងចិត្តជាអ្នកកីឡាដោយដោយហ៊ានទទួលយកលទ្ធផលទោះបីចាញ់ឈ្នះក៏ដោយ ហើយរាល់ការប្រកួត ក្រុមទាំងអស់ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពបច្ចេកទេស ដើម្បីផ្ដល់ជាការសប្បាយរីករាយ និងចំណីចក្ខុដល់អ្នកមកទស្សនាផ្ទាល់ ក៏ដូចជាអ្នកដែលទស្សនាតាមរយៈការ Live ផ្ទាល់លើបណ្ដាញសង្គម Facebook ផងដែរ។

លោក ធុល នាង បានបញ្ជាក់ថា ការប្រកួតបាល់ទាត់ពាន់រង្វាន់ ឯកឧត្តមអភិបាលខេត្ត នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅកីឡាដ្ឋានក្រុងតាខ្មៅ។ ក្នុងការប្រកួតនេះតម្រូវឲ្យមានកីឡាករចូលរួមចំនួន ១៦ ក្រុម ហើយអ្នកដែលអាចដាក់ពាក្សក្នុងការប្រកួតបានគឺផ្ដោតសំខាន់ទៅលើ មន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១១ និងវិស័យឯកជនក្នុងខេត្តកណ្តាល។

នៅក្នុងកិច្ចប្រជុំនេះដែរលោកក៏បានស្នើដល់ក្រុមអាជ្ញាកណ្ដាល ត្រូវកំណត់ការពិន័យឲ្យបានត្រឹមត្រូវច្បាស់លាស់ ត្រូវមានយុត្តិធម៌ ដើម្បីសម្រួលដល់ការប្រកួត នេះឲ្យមានតម្លាភាព រក្សាបាននូវមិត្តភាព សាមគ្គីភាព និងមានវិន័យ ដើម្បីមុខមាត់ខេត្តយើងទាំងអស់គ្នា។

លោកបានបញ្ជាក់ទៀតថា ការរៀបចំរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះឡើង គឺក្នុងគោលបំណង ចង់លើកស្ទួយវិស័យកីឡាក្នុងខេត្តឲ្យមានការរីកចម្រើនកាន់តែខ្លាំងឡើង និងដើម្បីឱ្យយុវជន និងបងប្អូនយើងទាំងអស់ ដែលស្រឡាញ់វិស័យកីឡាចូលរួមប្រកួតឲ្យបានផុលផុស និងបង្កើនទឹកចិត្តយុវជនរបស់យើង ចូលរួមលេងកីឡាដើម្បីសុខភាព បង្កើនមិត្តភាព ជៀសឆ្ងាយពីគ្រឿងញៀន៕ដោយ៖លី ភីលីព

Most Popular

To Top