កីឡា

Ronaldo នឹង​ចាកចេញ​ ប្រសិន​ជា​ Man Utd មិន​ជាប់​ជម្រើស​ទៅ​ប្រកួត​ UCL នៅ​រដូវកាល​ក្រោយ​

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​សារព័ត៌មាន​ The Sun ចុះ​ផ្សាយ​ថា​ កំពូល​កីឡាករ​នេះ​ ​នឹង​ចាក​ចេញ​ពី​ក្លឹប​ Manchester United នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ ប្រសិន​បើ​ក្លឹប​នេះ ​​មិន​អាច​ជាប់​ជម្រើស​ទៅ​លេង​ប្រកួត​ UEFA Champions League នៅ​រដូវកាល​ក្រោយ​បាន​ទេ​នោះ​។

បើ​តាម​ប្រភព​ខាង​លើ​តំណាង​ Ronaldo ក៏​បាន​និយាយ​រឿង​នេះ​ជា​មួយ​ លោក​ Richard Arnold ដែល​នឹង​ក្លាយ​ជា​នាយក​ប្រតិបត្តិ​ពេញ​សិទ្ធ​ នៅ​ខែ​ក្រោយ​នេះ​ផង​ដែរ​។

កាល​ពី​សម្ភាសន៍​ជា​មួយ​ Sky Sports កាល​ពី​សប្ដាហ៍​មុន​ Ronaldo ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា​ គេ​ទទួល​យក​មិន​បាន​ទេ​ ប្រសិន​ជា​ Man Utd អត់​ជាប់​ Top 4 ក្នុង​ Premier League ព្រោះ​តែ​គេ​មក​នេះ ​គឺ​មក​ប្រឹង​ឲ្យ​អស់​លទ្ធ​ភាព ​ដើម្បី​ឲ្យ​ឈ្នះ​ មិន​មែន​មក​ចាញ់​ ជាប់​ចំណាត់​ថ្នាក់​ទី​៧អី​នោះ​ទេ​។

កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ក៏​ធ្លាប់​មិន​ពេញ​ចិត្ត​នឹង​ កីឡាករ​ក្មេងៗ​នៅ​ក្នុង​ក្រុម​របស់​ខ្លួន ​មួយ​ចំនួន​ផង​ដែរ​ ដោយ​ថា​ ពួក​គេ​មិន​ស្ដាប់​កីឡាករ​ជើង​ចាស់​ មាន​បទពិសោធន៍​ដូច​ជា​រូប​គេ​។

Ronaldo មាន​របួស​មិនអាច​ចូល​រួម​ ២ប្រកួត​ហើយ​ យ៉ាងណា​គេ​រំពឹងថា ខ្សែ​ប្រយុទ្ធ​នេះនឹងអាច​ចូល​ប្រកួត​យប់​នេះ​វិញ​តទល់នឹង Brentford ។

នៅ​ខណៈ​នេះ​ Man Utd កំពុង​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៧ នៃ​ការ​ប្រកួត​ PL ដោយ​មាន​ ៣២ពិន្ទុ​ រី​ឯ​ Man City ជា​ក្រុម​ឈាន​ក្នុង​លីគ​កំពូល​នេះ​ មាន​រហូត​ទៅ​ដល់​ ៥៦ពិន្ទុ​ និង​ West Ham ជា​ក្រុម​ជាប់​ចំណាត់​ថ្នាក់​ទី​៤ មាន​រហូត​ទៅ​ដល់​ ៣៧ពិន្ទុ​៕ Source: Sabay

Most Popular

To Top