កីឡា

ក្រុមយុវជនស្រុកខ្សាច់កណ្តាល និងក្រុមយុវជនស្រុកមុខកំពូលបន្តឈ្នះ តាមពូលនៃពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល

ខេត្តកណ្តាល៖ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល ក្រុមបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ក្រុមបាល់ទាត់យុវជនក្រុងតាខ្មៅទទួលបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីក្រុមទំាំង៣យកឈ្នះលើគូរៀងៗខ្លួននៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្តស្ថិតក្នុងក្រុងតាខ្មៅ។

ចំពោះពូល “B” ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូលបានយកឈ្នះលើក្រុមបាល់ទាត់កសិដ្ឋានផលិតពូជត្រី ៧មករា ស្រុកស្អាង (ស្អាងយើងស្អាត) លទ្ធផលបច្ចេកទេស ២ ទល់ ១ ចំណែកពូល “D” ក្រុមបាល់ទាត់ព្រះនរាយណ៍ចាញ់ក្រុមបាល់ទាត់យុវជនក្រុងតាខ្មៅលទ្ធផលបច្ចេកទេស១ទល់២ ហើយក្រុមបាល់ទាត់រដ្ឋបាលខេត្តកណ្តាលចាញ់ក្រុមបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាលលទ្ធផលបច្ចេកទេស១ទល់២។

ការប្រកួតនេះគឺចាប់ផ្តើមពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមាន១៨ក្រុម និងបានបែងចែកចេញ ជា៤ពូលគឺ ពូលA ពូលB ពូលC ពូលD ក្នុង១ពូលមាន៤ក្រុម និង៥ក្រុម ។ ក្រុមចំណាត់ថ្នាក់លេខ១ទទួលបានពានចំនួន០១ទង់ចំណាត់ថ្នាក់លេខ១ ចំនួន មេដាយមាស ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ១២ លានរៀល។

ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន០១ មេដាយប្រាក់ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៨ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន០១ មេដាយសំរិទ្ធ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៦ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ លានរៀល។

ដោយឡែកក្រុមមានវិន័យល្អ(ក្រុមFair Play) ទទួលបានពានចំនួន០១ ទង់Fair Play ចំនួន០១ និងទឹកប្រាក់ចំនួន ៣ លានរៀល។ កីឡាករទាត់ចូលទីបានច្រើនជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានមេដាយមាសចំនួន០៤ ទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល៕

Most Popular

To Top