កីឡា

១៩​ឆ្នាំ​នៅ Chelsea តើ Abramovich ដេញ​គ្រូ​ប៉ុន្មាន​នាក់ ​និង​ចាយ​លុយ ​ទិញ​កីឡាករ​អស់​ប៉ុន្មាន?

រជ្ជកាល ​របស់​​សេដ្ឋី​រុស្សី Roman Abramovich ​នៅ​ក្លឹប Chelsea កាន់​តែ​ខិតជិត​ដល់​ទី​បញ្ចប់ បន្ទាប់​ពី​លោក​បាន​ប្រកាស​លក់ ​ក្លឹប​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ។

Abramovice សម្រេច​​ចង់​លក់​ក្លឹប ​របស់​ខ្លួន​ចោល ដោយ​សារ​តែ​ទទួល​សម្ពាធ​ទណ្ឌកម្ម ​របស់​ប្រទេស​អង់គ្លេស ដូច្នេះលោក​មិន​ចង់​បាត់ បង់​ក្លឹប​ទទេ​ៗ​ឡើយ ។ សម្រាប់​ប្រាក់​ចំណេញ​ ពី​ការ​លក់​ក្លឹប​បុរស​វ័យ​៥៥​ឆ្នាំ ​សន្យា​នឹង​យក​ទៅ​ជួយ​ជន​រងគ្រោះ​ នៅ​ប្រទេស ​អ៊ុយក្រែន ​ទាំង​អស់ ។

Abramovich មាន​បំណង​ចង់​លក់​​ក្លឹប Chelsea ក្នុង​តម្លៃ​៣​ពាន់​លាន​ដុល្លារ ។ សេដ្ឋី​ស្វីស Hansjorg Wyss និង​សេដ្ឋី​អាមេរិក Todd Boehly ជា​បេក្ខភាព​​ព្យាយាម​តាម​ទិញ​ Chelsea ប៉ុន្តែ​ពួក​គេ​ចង់​បាន​តម្លៃ​ក្រោម​ ត្រឹម​​២​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

មក​ទល់​ពេល​នេះ Abramovich កាន់​កាប់​ក្លឹប​មាន​មូលដ្ឋាន ​ក្នុង​ទីក្រុង​ឡុងដ៏​រយៈពេល​១៩​ឆ្នាំ​មក​ហើយ ដោយ​បាន​ចំណាយ​លុយ​ ​​ទិញ​​​​កីឡាករ​ល្បី​​ៗ​ជា​ច្រើន​រូប។ ខាង​ក្រោម​ជា​ខ្ទង់​ចំណាយ​លើ​កីឡាករ និង​​កំណត់ត្រា​មួយ​ចំនួន​របស់ Abramovich នៅ​ក្នុង​ក្លឹប ៖

ចំណាយ​២​ពាន់​លាន​ផោនទិញ​កីឡាករ​ចូល

Chelsea បាន​ចំណាយ​លុយ​ដ៏​ច្រើន​ ២​ពាន់​​លាន​ផោនលើ​ការ​ទិញ ​កីឡាករ​​ចូល​ក្នុង​រជ្ជកាល​របស់ Abramovich ។ Romelu Lukaku គឺ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ទិញ​ចូល​ខ្ពស់ ​ជាង​​គេ​៩៨​លាន​ផោន ផ្ទេរ​ពី​ក្លឹប Inter Milan។

លក់​កីឡាករ​ចេញ​បាន​១,១៦​ពាន់​លានផោន

ក្រៅ​ពី​ការ​ចំណាយ​​ទិញ​កីឡាករ ​អស់​លុយ​ពាន់​លាន​ផោន​ Chelsea ក៏​លក់​កីឡាករ​ចេញ​​បាន​ ក្នុង​​កម្រិត​ខ្ពស់​ផង​ដែរ។ Eden Hazard ជា​កីឡាករ​ដែល​តោ​ខៀវ​លក់​បាន​ថ្លៃ​ជាង​គេ​៩៨​លាន​ផោន ទៅ​កាន់​ក្លឹប Real Madrdid ។

ប្រើប្រាស់​អ្នក​ចាត់​ការ​១៣​នាក់​ផ្សេង​គ្នា

ដោយ​សារ​តែ​ Chelsea ជា​ក្លឹប​ចាយ​លុយ​ធំ ​ក្រោម​ការ​គ្រប់គ្រង​របស់ Abramovich ដូច្នេះ​ពួក​គេ​ត្រូវ​ការ​គ្រូ​ល្អ​ៗ និង​ដឹក​នាំ​ឲ្យ​មាន​ប្រសិទ្ធភាព។ ព្រោះ​តែ​កត្តា​នេះ​ហើយ សម្រាប់​​អ្នក​ចាត់​ការ​​ណា​ ដែល​ដឹក​នាំ​​ក្រុម​​មិន​​​ល្អ​ឬ ​មិន​បាន​ពាន​កៅអី ​របស់​ពួក​គេ​នឹង​ក្ដៅ​ភ្លាម ។

​​ក្រោម​​រជ្ជកាល​របស់ Abramovich ​ក្លឹប Chelsea ឈ្នះ​ពាន​ចំនួន​២១​គ្រឿង

Premier League ៥​ដង
FA Cup ៥​ដង
League Cup ៣​ដង
Champions League ២​ដង
Europa League ២​ដង
Community Shield ២​ដង
UEFA Super Cup ១ដង
FIFA Club World Cup ១​ដង​៕ ​​

Most Popular

To Top