កីឡា

លោក វ៉ាត់ ចំរើន ៖ ​ការប្រកួតនេះ ធ្វើឡើង ដើម្បីស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេស អត្តពលិកកម្ពុជា ត្រៀមកីឡា Sea Games មកដល់

ភ្នំពេញ ៖ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ គណៈកម្មការរៀបចំការ ប្រកួតកីឡាប្រដាល់ ឃីកប៊ុកស៊ីង និងគុនខ្មែរ បានប្រកាស បើកព្រឹតិ្តការណ៍ការប្រកួតកីឡា ប្រដាល់ឃីកប៊ុកស៊ីង កម្រិតអន្តរជាតិ ដែលមានរហ័សនាមថា “ស្តេចប្រដាល់អង្គរ ” ដោយមានកីឡាករ-កីឡាការិនីកម្ពុជា ចំនួន ១០រូប ប៉ះជាមួយកីឡាករ-កីឡាការិនីចិន ចំនួន១០រូប នៅខេត្តសៀមរាប នឹងប្រព្រឹត្តិទៅនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ ។

ក្នុងឳកាសពិធីសន្តិសីទ សារព័ត៌មានថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និង លោក GUO YANG នាយកក្លិប Loonghai Fight Club។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតកីឡាប្រដាល់ឃីកប៊ុកស៊ីង កម្រិតអន្តរជាតិ ដែលមានរហ័សនាមថា “ស្តេចប្រដាល់អង្គរ” ធ្វើឡើងដើម្បីបង្ហាញ និងផ្សព្វផ្សាយពីគុនខ្មែរ គណៈប្រតិភូក្រុមប្រឹក្សាកីឡា Sea Games តំណាង ប្រទេសចំនួន១០ របស់អាស៊ាន និងប្រទេសទីម័រ នឹងរៀបចំកិច្ចប្រជុំអំពីការរៀបចំ ព្រឹត្តិការណ៍កីឡាការ ប្រកួត Sea Games នៅខេត្តសៀមរាបចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ ក្រៅពីប្រជុំ ប្រតិភូក្រុមប្រឹក្សាកីឡាSea games នឹងអញ្ជើញទៅស្សនា នៅតាមប្រាសាទនានា របស់កម្ពុជាផងដែរ ។

លោកបន្តថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាដ៏ធំ គឺ Sea Games លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជា បានត្រៀមលក្ខណសម្បត្តិ ជាច្រើនដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ ព្រោះនេះជាលើកទី១ហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ។ ជាពិសេសការប្រកួតនេះ ដើម្បីស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនីកម្ពុជា ត្រៀមព្រឹត្តិការណ៍ការណ៍ កីឡាការប្រកួត Sea Games លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍ការណ៍ កីឡាការប្រកួត Sea Games លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕

Most Popular

To Top