កីឡា

លោក KIYOSHI SEKIGUCHI តំណាងក្លិប Shonan Bellmare របស់ជប៉ុន ចុះមកទស្សនកិច្ច ក្លិបបាល់ទាត់បឹងកេត

ភ្នំពេញ ៖ កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២២ កន្លងទៅ លោក KIYOSHI SEKIGUCHI នាយកបច្ចេកទេស ក្លិប Shonan Bellmare បាន ធ្វើដំណើរមកទស្សនកិច្ច ក្លិបបាល់ទាត់បឹងកេត ដោយមានការទទួលស្វាគមន៍ពី អ្នកស្រី ពុធ ធីតា ប្រធានក្លិប និងលោក បែ មករា អគ្គលេខាធិកា ដើម្បីពិនិត្យ និងពិភាក្សាលើ ការងារសហប្រតិបត្តិការ រវាងក្លិប Shonan Bellmare និងក្លិបបាល់ទាត់បឹងកេត ។

ជាមួយគ្នានោះផងដែរ លោក KIYOSHI ក៏បានចូលរួមធ្វើបទបង្ហាញអំពី បច្ចុប្បន្នភាព នៃក្លិបបាល់ទាត់ Shonan Bellmare និងបង្ហាត់បង្ហាញដល់ យុវជនអាយុក្រោម ១៨ឆ្នាំ និងសិស្សសាលាបាល់ទាត់បឹងកេត ផងដែរ ដោយលោកបានសង្កេត ឃើញពីបច្ចេកទេស ក៏ដូចជាភាពប៉ិនប្រសព្វរបស់យុវជន បឹងកេតថែមទៀតផង ។

ជុំវិញការចុះមកទស្សនកិច្ច ក៏ដូចជាពិនិត្យពិភាក្សាលើកិច្ចសហប្រត្តិបត្តិការនេះ ក្លិបទាំងពីរ បាន និងកំពុងត្រៀមក្នុងការធ្វើការរួមគ្នាមួនចំនួន ក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៍ និង អភិវឌ្ឍ បាល់ទាត់រួមគ្នាជាច្រើន ដែលនឹង លេចចេញជាផ្លូវការនាពេលអនាគត។

ក្លិបបាល់ទាត់បឹងកេត មានកិត្តិយស សូមជម្រាប ជូនដល់សាធារណ:ជន និងអ្នកគាំទ្រឲ្យបានជ្រាបថា ក្លិបបានចុះកិច្ចព្រមព្រៀងស្តីពី “ភាពជាដៃគូ សហការជាមួយក្លិប ក្នុងលីកកំពូល ប្រទេសជប៉ុន Shonan Bellmare ដែលកិច្ចសហការនេះ ផ្អែកលើចំណុចរួម ។ ការផ្លាស់ប្តូរដ៏មានតម្លៃនៃក្រុមឈុតធំ ដែលផ្តោតសំខាន់លើ ការផ្ទេរកីឡាករ, ការបញ្ជូនបុគ្គលិក និងការគាំទ្រដល់ ការបោះជំរុំហ្វឹកហាត់ជាដើម និងស់ប្តូរគ្នា នូវថ្នាលបណ្តុះបណ្តាលយុវជន ដែលផ្តោតសំខាន់លើ ការចូលរួមក្នុងការបណ្តុះបណ្តាលរបស់កីឡាករ បុគ្គលិក នៃក្រុមគ្រូបង្គោល និងការចូលរួមក្នុងការប្រកួត នៃក្រុមទាំងពីរ ។

ការចែករំលែកព័ត៌មាន ដែលផ្តោតសំខាន់ជុំវិញ ព័ត៌មាន នៃកីឡាកររបស់ក្រុមទាំងពីរ ក្រុមការងារគ្រូបង្គោល ព័ត៌មាននៃការប្រកួតនានា និង វិធីសាស្រ្ត បណ្តុះបណ្តាលជាដើម ។ កិច្ចសហប្រតិបត្តិការអាជីវកម្ម ដែលផ្តោតសំខាន់ជុំវិញ ការលក់លើកញ្ចប់ឧបត្ថម្ភ ការលក់សំបុត្រ ការលក់សម្ភារៈអនុស្សាវរីយ៍ ការរៀបចំការកំសាន្ត និងការផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រ ។ ព្រមព្រៀងនេះមានសុពលភាពពីថ្ងៃ ១ ខែ មករា ឆ្នាំ ២០២២នេះ រហូតដល់ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ៕

Most Popular

To Top