កីឡា

សំហេង បុរស ៖ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នឹងរៀបចំ ការប្រកួតតាមបណ្តារាជធានី និងខេត្តទំាង២៥ ដើម្បីស្វែករកកីឡាករ-កីឡាការិនីឆ្នើមៗ

ភ្នំពេញ៖ក្នុងឳកាសពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ២០២២ ជាផ្លូវការនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមបំពាក់មេដាយ និងប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនីពីសំណាក់លោក សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីលានបាល់ទាត់ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក និងអ្នកតំណាងមន្ទីរអប់រំកាយ និងកីឡាខេត្តទំាង២៥។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទនៃការរីកចម្រើនកីឡានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិត្រៀមសម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ។

លោក សំហេង បុរស ក៏បានមានប្រសាសន៍ថា សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តនឹងរៀបចំការប្រកួតតាមបណ្តារាជធានីភ្នំពេញ និងខេត្តទំាង២៥ ដើម្បីស្វែករកកីឡាករ-កីឡាការិនីឆ្នើមៗ ហើយនាពេលយើងបានរកឃើញកីឡាករ-កីឡាការិនីវ័យក្មេងដែលមានទេពកោសល្យហើយ ដូច្នេះលោកគ្រូ និងអ្នកគ្រូត្រូវតែងបន្តហ្វឹកហាត់ពួកគេបន្ថែមទៀត ទោះបីនៅទីនេះពួកគេដណ្តើមមេដាយមាសសម្រាប់ការប្រកួតក៏ដោយ៕

Most Popular

To Top