កីឡា

ខេត្តប៉ៃលិន ឈ្នះមេដាយមាស លើប្រភេទតេក្វាន់ដូ ITF សម្រាប់ការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ២០២២

ភ្នំពេញ៖ក្រុមកីឡាតេក្វាន់ដូ ITF ខេត្តប៉ៃលិនដណ្តើមបានជើងឯកលើប្រភេទតេក្វាន់ដូ ITF នៃប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ២០២២ ខណៈក្រុមកីឡាតេក្វាន់ដូ ITF ខេត្តស្ទឹងត្រែងបានត្រឹមជើងឯករង នៅទីលានសហព័ន្ធកីឡាតេក្វាន់ដូ ITF ក្នុងអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនជាន់ទី៤ ។

ក្នុងឳកាសពិធីបិទជាផ្លូវការនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមបំពាក់មេដា យ និងប្រគល់ជយលាភីដល់កីឡាករ-កីឡាការិនីពីសំណាក់លោក កែវ រ៉េមី អនុសហព័ន្ធកីឡាតេក្វាន់ដូ ITFអន្តរជាតិ និងប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋាន កីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ក្រុមកីឡាតេក្វាន់ដូ ITF ខេត្តប៉ៃលិនដណ្តើមបានមេដាយមាស៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង ក្រុមកីឡាតេក្វាន់ដូ ITF ខេត្តស្ទឹងត្រែងដណ្តើមបានមេដាយមាស២គ្រឿង មេដាយប្រាក់១ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាតេក្វាន់ដូ ITF ខេត្តបន្ទាយមានជ័យដណ្តើមបានមេដាយមាស១គ្រឿង ក្រុមកីឡាតេក្វាន់ដូ ITF ខេត្តតាកែវ និងភ្នំពេញដណ្តើមបានមេដាយ ប្រាក់ ២ គ្រឿងដូចគ្នា ក្រុមកីឡាតេក្វាន់ដូ ITF ខេត្តកំពង់ស្ពឺដណ្តើមបានមេដាយប្រាក់១គ្រឿង និងក្រុមកីឡាតេក្វាន់ដូ ITF ខេត្តកណ្តាលដណ្តើមបានមេដាយសំរិទ្ធ ២ គ្រឿង។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា បាននិយាយថា សម្រាប់ប្រភេទកីឡាតេក្វាន់ដូ ITF មាន ៧ ខេត្តចូលរួមដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកណ្តាល ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន៣៧នាក់ និងគ្រូបង្វឹក៧នាក់ ក្នុងនោះកីឡាការិនី ១៨នាក់ ព្រមទំាងកីឡាករ២២នាក់។ យើងបានដាក់៥វិញ្ញាសារួមមាន វិញ្ញាសាមេគុនឯកត្តជនកុមារា-កុមារី ចាប់ពី ៦ឆ្នាំ ទៅ ១០ ឆ្នាំ ហើយ ១០ឆ្នាំ ទៅ ១២ឆ្នាំ និងវិញ្ញសាបច្ចេកទេសពិសេសចំនួន ៣បច្ចេកទេស៕ដោយ៖លី ភីលីព

Most Popular

To Top