កីឡា

សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រៀមបញ្ជូនក្រុមកីឡាតេក្វាន់ដូ ITF ចូលរួម “1st ITF Word Cup Games Argentina 2022” នៅអាហ្សង់ទីន នាខែតុលា

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាត្រៀមបញ្ជូនក្រុមកីឡាករ-កីឡាការិនី ជាង១០នាក់ របស់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF កម្រិតពិភពលោក ២០២២ លើកទី១ ដែលចំណងជើង “1st ITF Word Cup Games Argentina 2022” នៅប្រទេសអាហ្សង់ទីន ប្រព្រឹត្តនាខែតុលា ឆ្នាំ២០២២ ខាងមុខនេះ មុនការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។

លោក បួនហេង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITFកម្ពុជា តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃនេះសហព័ន្ធ កំពុងសំឡឹងមើលកីឡាករ-កីឡាការិនីឆ្នើម និងលេចធ្លោយជាងគេក្នុងចំណោមកីឡាករ-កីឡាការិនី ស្ថិតក្រុមជម្រើសជាតិទំាងអស់ របស់តេក្វាន់ដូ ITF ដើម្បីជ្រើសរើសទៅចូលរួម ការប្រកួត” 1st ITF Word Cup Games Argentina 2022” នៅប្រទេសអាហ្សង់ទីន នាខែតុលាមុនការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។

លោកអគ្គបានបន្តថា ការប្រកួតលើកនេះថ្នាក់ដឹកនាំសហព័ន្ធ នឹងបញ្ជូនកីឡាការិនីឲ្យបានច្រើនជាងកីឡាករ ដោយសារចង់ធ្វើតេស្តិ៍កីឡាការិនីសម្រាប់ការប្រកួតកម្រិតខ្លាំងទំាងសមត្ថភាព បច្ចេកទេស និងខ្លាំងក្នុងការត្រៀមដណ្តើមមេដាយមាស ឲ្យបាន១៥គ្រឿងនៃSEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា តាមផែនការកំណត់របស់ថ្នាក់ដឹកនាំ ក្រសួងអប់រំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ រៀបចំការប្រកួត SEA GAMES។

លោក បួនហេង សុធីយ៉ាបានបន្ថែមទៀតថា “1st ITF Word Cup Games Argentina 2022” នៅប្រទេសអាហ្សង់ទីននេះសហព័ន្ធត្រៀមចូលរួមប្រកួត លើវិញ្ញាសាច្រើនជាង ១០ វិញ្ញាសា ហើយសុទ្ធសឹងជាវិញ្ញាសា មានសក្តានុពលសម្រាប់ក្រុមកីឡាករ-កីឡាការិនីដណ្តើមមេដាយSEA GAMES ។ ចំពោះក្រុមកីឡាករ-កីឡាការិនីទំាងនេះ គណៈកម្មការមិនទាន់បានកំណត់ថ្ងៃជ្រើសរើសឡើយ ទុកឲ្យពួកគាត់ហ្វឹកហាត់ ពង្រឹងថែមទៀតសិន៕

Most Popular

To Top