កីឡា

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម)

(សៀមរាប)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយនឹងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ រៀបចំ “ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ” ដែលបានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តសៀមរាប រហូតមកដល់ថ្ងៃនេះ មានរយៈពេល ២ថ្ងៃហើយ ដោយមានការចូលរួមពីកីឡាករវ័យចំណាស់ទាំង៤ ប្រទេស កម្ពុជា ថៃ ឡាវ និងវៀតណាម សរុបចំនួន ១៥០នាក់  ក្នុងគោលបំណងបង្ហាញសក្តានុពលទេសចរណ៍ខេត្តសៀមរាប-អង្គរ ក្នុងដំណាក់កាលនៃការងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ស្របតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ និងដើម្បីអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ សំបូរបែបតាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ ព្រមទាំងផ្សព្វផ្សាយ “កម្ពុជា៖ ព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ” ផ្តល់ភាពកក់ក្តៅ ជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត និងបៃតង និងស្របតាមយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឆ្នាំ២០២៣ “Visit Cambodia Year 2023”។

ព្រឹត្តិកាណ៍នេះ បានចាប់ផ្តើមនៅម៉ោង២រសៀល នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម តុប សុភ័ក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប ក្រោមបរិយាកាសសប្បាយរីករាយ និងស្និទស្នាល តមកម្មវិធិដែលបានគ្រោងទុក និងមានការចូលទស្សនាពីមន្ត្រីរាជការសិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួនជាង១០០០នាក់។

  កីឡាករវ័យចំណាស់កម្ពុជាមាន ១ ក្រុម ដែលមានកីឡាករចំនួន ២៣ នាក់ រួមមានឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរដ្ឋបាលខេត្តសៀមរាប ចូលរួមប្រកួត លក្ខណៈ VIP នៅថ្ងៃបើកប្រារព្វពិធីព្រឹត្តិការណ៍ថ្ងៃដំបូង។

  ជាលទ្ធផល ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គនេះ គឺចាប់ផ្តើមប្រកួត ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅតាមកម្មវិធី ដែលគណៈកម្មការរៀបចំការប្រកួតទៅតាមប៉ូលបានកំណត់ ។  ក្នុងភាពជាក់ស្តែងនៃការប្រកួតនារសៀលថ្ងៃទី ០៤ សីហានេះ មានពីរប្រកួត ដោយក្រុមទី១ មានកីឡាករវ័យចំណាស់ រដ្ឋបាលខេត្តសៀមរាប ប្រកួតជាមួយ ក្រុមកីឡាករនៃព្រះរាជាណាចក្រថៃ នៅពេលបញ្ចប់ការប្រកួតជាលទ្ធផល ក្រុមកីឡាករ  រដ្ឋបាលខេត្តសៀមរាប បានយកឈ្នះលើក្រុមកីឡាករវ័យ ចំណាស់ថៃ ៣ ទល់នឹងសូន្យ ។ ចំពោះក្រុមទី២ មានកីឡាករ វ័យចំណាស់ប្រទេសឡាវ ប្រកួតជាមួយ ក្រុមកីឡាករវ័យចំណាស់វៀតណាម  ហើយនៅពេលបញ្ចប់ការប្រកួតជាលទ្ធផល  ក្រុមកីឡាករវៀតណាម បានស្មើគ្នា ក្រុមកីឡាករទ្បាវ ១ ទល់នឹង១៕ ដោយ៖លី ភីលីព

Most Popular

To Top