ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ចេញប្រកាសជាផ្លូវការរៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា នាខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) អនុញ្ញាតជាគោលការណ៍ ដែលជាការកម្តៅសាច់ដុំកីឡាករ-កីឡាការិនីវូវីណាមកម្ពុជា មុនការប្រកួតកីឡា SEA GAMES 2023 លើកទី៣២មកដល់។
លោក យ៉ាំ ថៃសាន្ត អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ផ្ទាល់នៅទីលាន ហ្វឹកហាត់សហព័ន្ធថា យោងសេចក្តីជូនដំណឹង របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងប្រធាន CAMSCO បានអនុញ្ញាតឲ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី អាគ្នេយ៍ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ ដោយការប្រកួតសហព័ន្ធបានដាក់ ៣០ វិញ្ញាសា គឺវិញ្ញាសាទំាងនេះ កម្ពុជាក៏ដាក់ជាផ្លូវការសម្រាប់ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែរ។
លោកអគ្គលបានបន្តថា ក្នុងចំណោម ៣០ វិញ្ញាសា យើងបែងចែកចេញជា២ផ្នែកធំ រួមមានវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាសម្តែងមេគុន ហើយវិញ្ញាសាប្រយុទ្ធមានចំនួន៨ វិញ្ញាសា និងវិញ្ញាសាសម្តែងមេគុនចំនួន ២២វិញ្ញាសា ចំពោះវិញ្ញាសាសម្តែងមេគុន ដូចជាវិញ្ញាសាសម្តែងមេគុនជាក្រុម វិញ្ញាសាសម្តែងមេគុនជាគូ និងវិញ្ញាសាសម្តែងមេគុនឯកត្តទៀត។
ដោយឡែកសហព័ន្ធត្រៀម កីឡាករ-កីឡាការិនីវ៉ូវិណាមចំនួន ៣៣ នាក់ សុទ្ធសឹងជាក្រុមអត្តពលិកធ្លាប់ទទួលមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធនៃការប្រកួតកីឡា SEA GAMES 2021 លើកទី៣១នៅប្រទេសវៀតណាម។ ការប្រកួតវ៉ូវីណាមអាស៊ីអាគ្នេយ៍នេះ ជាការត្រៀម និងវាស់ស្ទង់កម្រិតរបស់វ៉ូវីណាមកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងការឆ្ពោះទៅប្រកួ SEA GAMES 2023 នាខែឧសភា ឆ្នាំ២០២៣។
CAMSOC នៅបានឲ្យសហព័ន្ធសាមីរៀបចំ បទបញ្ជាការប្រកួតជាភាសាអង់គ្លេស សហការជាមួយគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់រៀបចំគម្រោងចំណាយ និងធ្វើរបាយការណ៍ជូន CAMSOC ក្រោយបញ្ចប់ការប្រកួត៕ ដោយ៖លី ភីលីព