ភ្នំពេញ៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង ប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុកម្ពុជា រួមដំណើរជាមួយលោកបណ្ឌិត ដួង ហេង អនុប្រធានទី១ សហព័ន្ធ និងលោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ លោក ព្រំ ឌុចបូរ៉ានឿន អគ្គហេរញ្ញិកសហព័ន្ធ លោក ហេង សុខជាតិ អគ្គលេខាធិការរង និងលោក ប៉ាន់ ស៊ីវ៉ាន់ថា អគ្គហេរញ្ញិករង បានជួប សំណេះសំណាល និងផ្តល់អនុសាសន៍ដល់គ្រូបង្វឹក កីឡាករ និង កីឡាការិនី វាយកូនឃ្លីលើតុជម្រើសជាតិ សរុបចំនួន ១០រូប ដែលត្រៀមលក្ខណៈ ទៅធ្វើការហ្វឹកហាត់រយៈពេលមធ្យម និងវែង នៅសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅ នាថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។
លោកប្រធានបានសំណេះសំណាល និងផ្តល់អនុសាសន៍ថា ត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ដើម្បីជាសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិ ជាពិសេសត្រូវចេះទំនាក់ទំនងល្អ ក្នុងហ្វឹកហាត់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ឲ្យអស់ពីសមត្ថភាពដើម្បី ត្រៀមលក្ខណៈប្រកួតដណ្ដើមស្នាដៃជូនជាតិ ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោកប្រធានសហព័ន្ធ ក៏បានផ្តល់នូវប្រាក់ឧបត្ថម្ភ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ១០នាក់ (ម្នាក់ ៥០០ ដុល្លារអាមេរិក) ដែលត្រៀមលក្ខណៈទៅធ្វើការហ្វឹកហាត់ រយៈពេលមធ្យម និងវែង នៅសាធារណរដ្ឋប្រជាមានិតចិន ដែលប្រព្រឹត្តទៅ នាថៃ្ងទី១៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។





