ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីតេក្វាន់-ដូ ITF របស់ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯកប្រចាំឆ្នាំ២០២២នៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកប្រថ្នាក់ជាតិប្រចាំឆ្នាំ ២០២២ ខណៈក្រុមកីឡាករ-កីឡាការិនីតេក្វាន់-ដូ ITF ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឈរចំណាត់លេខ២ ដែលរៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សម្រាប់ការប្រកួតនេះក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងឳកាសពិធីបិទ និងប្រគល់ជយលាភីកីឡាករ-កីឡាការិនីតេក្វាន់-ដូ ITF នាល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់លោក កែវ រេមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា សមាជិកប្រតិបត្តិសហព័ន្ធ និងអ្នកតំណាងក្លិបទំាង១៧។
ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯកដណ្តើមបានមេដាយសរុបចំនួន២០គ្រឿងរួមមានមេដាយមាស ៨ គ្រឿង ប្រាក់ ៤គ្រឿង និងសំរិទ្ធ ៨ គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជើងឯករងដណ្តើមបានមេដាយសរុប១៤គ្រឿងរួមមានមេដាយមាស ២ គ្រឿង ប្រាក់ ៤គ្រឿង និងសំរិទ្ធ ៨ គ្រឿង ពន្លឺយុវជនដណ្តើមបានមេដាយសរុប៥គ្រឿងរួមមានមេដាយមាស ២ គ្រឿង និងប្រាក់ ៣គ្រឿង និងស.ស.យ.ក ខេត្តកំពង់ស្ពឺ ដណ្តើមបានមេដាយសរុប៦គ្រឿងរួមមានមេដាយមាស ២ គ្រឿង ប្រាក់ ២គ្រឿង និងសំរិទ្ធ ២ គ្រឿង ។
ចំណែកវិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្រ្តដណ្តើមបានមេដាយសរុប៦គ្រឿងរួមមានមេដាយមាស ២ គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ៣ គ្រឿង សេរីភាពដណ្តើមបានមេដាយសរុប៣គ្រឿងរួមមានមេដាយមាស ២ គ្រឿង និងប្រាក់ ១គ្រឿង មិត្តភាពដណ្តើមបានមេដាយមាស ២ គ្រឿង និងខេត្តកោះកុងដណ្តើមបានមេដាយសរុប៦គ្រឿងរួមមានមេដាយមាស ១ គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ៤ គ្រឿង។
លោក បួនហ៊ីង សុធីយ៉ាបានមានប្រសាសន៍ថា ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកប្រថ្នាក់ជាតិនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន១៣៨នាក់ ក្នុងនោះមានកីឡាការិនី ៤៨នាក់ និងកីឡាករចំនួន ៩០នាក់មកពីក្លិបចំនួន១៧រួមមាន ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ ក្លិបស.ស.យ.ក ខេត្តកំពង់ស្ពឺ ក្លិបវិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្រ្ត ក្លិបក្រសួងមហាផ្ទៃ ក្លិបក្តីចាស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបខេត្តកោះកុង ក្លិបយុវជន ក្លិបសាលាអន្តរជាតិអេបផល និងក្លិបថ្មសខេត្តកោះកុង។ ក្លិបជម្ពូវ័ន្តសែនជ័យ ក្លិបសេរីភាព ក្លិបមិត្តភាព ក្លិបនេតយ៉ង ក្លិបគុជសីហ៍ ក្លិបវិទ្យាល័យពងទឹក និងក្លិបខេត្តត្បូងឃ្មុំ៕ដោយ៖លី ភីលីព







