កីឡា

ការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ចាប់ផ្តើមពិធីបើកជាផ្លូវការនាថ្ងៃទី២១ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាតិចំនួន៣៨ រៀបចំការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មាន៣៨ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិកចំនួន៧ ដែលមានវិញ្ញាសា៤០៥ នៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។


ក្នុងឳកាសពិធីបើកការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង១៨:០០នាទី និងបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៨:០០នាទី នៅពហុ កីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។


ការប្រកួតនេះក្នុងគោលបំណងផ្តល់ឱកាសដល់សហព័ន្ធកីឡាជាតិទាំងអស់បានដាក់មន្ត្រីបច្ចេកទេសដែលបានបណ្តុះបណ្តាលរួចឲ្យដើម្បីអនុវត្តការរៀបចំប្រកួតជាក់ស្តែងលើទីលានប្រកួតទទួលបានចំណេះដឹង និងបទពិសោធន៍ កីឡាករ-កីឡាការិនី បានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួតរៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដារតំបន់ រៀបចំពិធីបើក និងបិទ ឲ្យស្របតាមស្តង់ដារហ្គេម ជាការសាកល្បងចុងក្រោយសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕

Most Popular

To Top