កីឡា

អូស្ដ្រាលី ឆ្លងកាត់ការជម្រុះជាច្រើនវគ្គ ទម្រាំបានទៅលេងនៅប្រទេសកាតា

  • អូស្ដ្រាលីគឺជាប្រទេសចុងក្រោយក្នុងតំបន់អាស៊ីដែលបានមានឈ្មោះឡើងមកលេងក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ក្រោយលេងជម្រុះជាច្រើនវគ្គ។ កាតា អ៊ីរ៉ង់ កូរ៉េខាងត្បូង ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត និងអូស្ដ្រាលីគឺជាប្រទេសក្នុងតំបន់អាស៊ីដែលបានឡើងទៅ លេងជុំចុងក្រោយក្នុង World Cup ២០២២។

សហព័ន្ធ

ក្នុងវគ្គជម្រុះ World Cup នៅតំបន់អាស៊ី (AFC) ជុំទីពីរអូស្ដ្រាលីបានបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល B បានបន្តដំណើរទៅជុំបន្ត។ សម្រាប់ជុំទី៣ អូស្ដ្រាលីធ្វើបានត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះក្នុងពូល B ឈរក្រោមអារ៉ាប៊ីសាអូឌីតនិងជប៉ុន ដូច្នេះពួកគេត្រូវលេងជម្រុះនៅជុំទី៤មួយវគ្គទៀតជាមួយអារ៉ាប់រួមដែលឈរលេខ៣ពូល A។

ក្នុងការប្រកួតជុំទី៤ អូស្ដ្រាលីបានយកឈ្នះអារ៉ាប់រួម ២-១ ត្រូវបន្តដំណើរលេងជម្រុះឆ្លងទ្វីបមួយវគ្គទៀតត្រូវប៉ះប៉េរូ ដើម្បីយកមួយក្រុមទៅលេងកាតាតែម្ដង។ ការប្រកួតនេះពិតជាតានតឺងរហូតឈានដល់ការទាត់ប៉េណាល់ទី ចុក្រោយអូស្ដ្រាលីឈ្នះ ៥-៤។

ប្រវត្តិក្នុង World Cup

អស្ដ្រាលីធ្លាប់ឡើងមកលេងក្នុងព្រឹត្តិការណ៍ World Cup ចំនួន៥ដង ហើយដំបូងបំផុតក្នុងឆ្នាំ១៩៧៤ ពេលដែលអាល្លឺម៉ង់ខាងលិចធ្វើជាម្ចាស់ផ្ទះ។ World Cup ៤ឆ្នាំចុងក្រោយ២០០៦ ២០១០ ២០១៤និង២០១៨ ពួកគេមិនដែលអាក់ខានឡើងមកលេងឡើយ។

យ៉ាងណាមិញ លទ្ធផលដែលពួកគេធ្លាប់ធ្វើបានល្អបំផុតគឺត្រឹមវគ្គ១៦ក្រុមចុងក្រោយកាលពីឆ្នាំ២០០៦ ក្រៅពីនោះធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។

កីឡាករសំខាន

ឈរជាប្រធានក្រុមបច្ចុប្បន្ន អ្នកចាំទី Mathew Ryan នឹងដើរជាតួសំខាន់ក្នុងក្រុមជម្រើសជាតិអូស្ដ្រាលី។ កីឡាករវ័យ៣០ធ្លាប់ជួយក្រុមឈ្នះពាន AFC Asian Cup កាលពីឆ្នាំ២០១៥ ហើយពេលនោះគេបានទទួលពានរង្វាន់អ្នកចាំទីល្អបំផុតប្រចាំព្រឹត្តិការណ៍។

គេបានជាប់ក្នុងក្រុមធំជម្រើសជាតិតាំងតែពីឆ្នាំ២០១២ និងបានបង្ហាញខ្លួន៧៥ប្រកួតហើយ។ សព្វថ្ងៃគេកំពុងប្រកបអាជីពជាមួយក្រុម Copenhagen ក្នុងលីគកំពូលរបស់ដាណឺម៉ាក។

ឯកសណ្ឋាន

អាវជម្រើសជាតិអូស្ដ្រាលីត្រូវបានផលិតដោយក្រុមហ៊ុន Nike ដោយអាវក្នុងដីមានពណ៌លឿងលាយបៃតងនៅត្រង់ដៃនិងកអាវ។ លើផ្ទៃអាវគេឃើញមានស្រមោលបង្ហាញពីទេសភាពដីខ្សាច់និងព្រៃឈើរបស់ប្រទេសអូស្ដ្រាលី។ ចំណែកឯកអាវក្រោមដីមានពណ៌ខៀវចាស់៕

ប្រភព៖ sabay

Most Popular

To Top