កីឡា

ក្រសួងការពារជាតិ ឈ្នះមេដាយមាស ៧ គ្រឿង ការប្រកួតកីឡាជាតិលើកទី៣ នៃប្រភេទកីឡា ប្រដាល់គុនខ្មែរឆ្នាំ២០២២

ភ្នំពេញ ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុកពិសេស និងគណៈកម្មាធិការ នៃក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាជាតិលើកទី៣ នៃប្រភេទកីឡាប្រដាល់គុនខ្មែរ ឆ្នាំ២០២២ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ពហុកីឡដ្ឋានជាតិ កងយោធពលខេមរភូមិន្ទ ។

លោក ទុក ប៊ុនហឿន អគ្គលេខាធិការបាននិយាយថា ការប្រកួតនេះមានរាជធានីខេត្ត និងក្រសួង ចូលរួមចំនួន១៣ ដោយមានកីឡាករ-កីឡាការិនី៩៩នាក់ ក្នុងនោះកីឡាការិនី១១នាក់ រួមមានក្រសួងការពាជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តមណ្ឌលគិរី ខេត្តកោះកុង និងខេត្តកែប ។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា ការប្រកួតកីឡាជាតិលើកទី៣នេះ ដើម្បីផ្ដល់ឱកាសឲ្យកីឡាករ-ឡាការិនី បានបញ្ចេញនូវ ទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសកីឡាករ- កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក និងជាដំណើរឆ្ពោះ ទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ នេះក៏ជាឱកាស ក្នុងការផ្តល់ ជូនគណៈកម្មការរៀបចំការប្រកួត បាន ដកស្រង់ និងពង្រីកបទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំ ការប្រកួតនេះកាន់តែ មានភាព ទាក់ទាញដល់ទស្សនិជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករ-កីឡាការិនីបន្ថែមទៀត ។
ក្រសួងការពារជាតិឈ្នះមេដាយមាស ៧ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ៤ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ២ ក្រៅពីនេះខេត្តផ្សេងៗ មិនបានឈ្នះមេដាយមាសឡើយ៕

Most Popular

To Top