កីឡា

ម្ចាស់មេដាយប្រាក់ នៃកីឡាប៉ារ៉ាឡាំពិក យុវជនអាស៊ី២០២១ កីឡាករយុវជនពិកា យ៉ា ថុលរ៉ាដែត ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត

ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បាននាំយកប្រាក់រង្វាន់លើកទឹកចិត្តប្រគល់ជូនកីឡាករជនពិការម្ចាស់មេដាយប្រាក់១ គ្រឿងនៃការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនអាស៊ីបារ៉ែន ឆ្នាំ២០២១ ។

លោក យី សុភក្ត្រា ជានាយបេសកកម្ម ជាគ្រូបង្វឹកដឹកនាំប្រតិភូកីឡាយុវជនប៉ារ៉ាឡាំពិកកម្ពុជាចូលរួម ការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនអាស៊ី បារ៉ែន ២០២១បាននិយាយថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបញ្ជូលកីឡាករជនពិការចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាប៉ារ៉ាឡាំពិកយុវជនអាស៊ី បារ៉ែន ២០២១ ធ្វើការប្រកួតពីថ្ងៃទី២៧ ខែវិច្ឆិកាដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា មាន២រូប៖រូបលោកជានាយបេសកកម្ម ជាគ្រូបង្វឹក និងជាអ្នកតំណាងសម្របសម្រួលបញ្ហាកូវីដ-១៩ប្រចាំប្រតិភូកម្ពុជា និងលោក យ៉ា ថុលរ៉ាដែត ជាកីឡាករអត្តពលកម្មរត់ប្រណាំង វិញ្ញាសារ ២០០ម៉ែត្រ ៤០០ម៉ែត្រ និង ១៥០០ម៉ែត្រ ចំណាត់ថ្នាក់ប្រភេទពិការ T៤៦។ 

លោកបានបន្តថា នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ការចូលរួមរបស់កីឡាករយុវជនពិកា យ៉ា ថុលរ៉ាដែត បានទទួលសិទ្ធស្របច្បាប់និងអាចចូលរួមប្រកួតបាន៣វិញ្ញាសាររត់ប្រណាំង ២០០ម៉ែត្រ ៥០០ម៉ែត្រ និង១៥០០ម៉ែត្រ។ ព្រឹត្តិការណ៍នៃការប្រកួតកីឡា ប៉ារ៉ាឡាំពិកអាស៊ីលើកទី៤ នៅបារ៉ែន ជាព្រឹត្តិការណ៍លើកទី១របស់កម្ពុជាក្នុងការចូលរួម និងក៏ជាលើក ទី១ របស់យុវជន យ៉ ថុលរ៉ាដែត វ័យក្មេងអាយុ១៩ឆ្នាំ ពិការដៃឆ្វេងទាំងស្រុង។ក្រោមការខិតខំបង្វឹករបស់គ្រូបង្វឹកជនជាតិខ្មែរ និងការប្ដេជ្ញាចិត្តរបស់យុវជន ថុលរ៉ាដែតធ្វើឲ្យរូបគេដណ្តើមមេដាយប្រាក់ ១ គ្រឿង លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រដោយប្រើថេរវេលា ៥ នាទី ៤៦វិនាទី ១៥ ។

លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា តាំងនាមលោកផ្ទាល់ និងឲ្យលោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាសូមចូលរួមអបអរសាទរចំពោះយុវជន យ៉ ថុលរ៉ាដែត វ័យក្មេងអាយុ១៩ឆ្នាំ ពិការដៃឆ្វេងទាំងស្រុងទទួលបានមេដាយប្រាក់ ១ គ្រឿង លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ ហើយថ្ងៃនេះលោកបាននាំយកប្រាក់រង្វាន់លើកទឹកចិត្តប្រគល់ជូនកីឡាករជនពិការ។

លោកបានបន្តថា ការជួបជុំក្រោមដំបូលសន្តិភាពនាពេលនេះដែលមានសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសន៍ដ៏ឆ្នើម បាននាំមកនូវភាពសុខដុមរមនាគ្មានការភ័យបារម្ភ ធានាសិទ្ធិរស់នៅប្រកបដោយក្តីសប្បាយរីករាយ ទើបអាចអនុញ្ញាតឲ្យយើងមានកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំការប្រកួតនេះចេញជារូបរាងប្រកបដោយលទ្ធផលជាផ្លែផ្កា ជាមួយទឹកមុខស្រស់ស្រាយនិងវឌ្ឍនភាពថ្មីៗ ក្នុងដំណើរមួយៗជាក់លាក់ ឆ្ពោះទៅព្រឹត្តិការណ៍ SEA GAMES ឆ្នាំ២០២៣៕ ដោយ៖លី ភីលីព

Most Popular

To Top