កីឡា

លោក ខេស៊ី បាណេត៖ ការប្រកួតដើម្បីកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់អត្តពលិកចំាប់កម្ពុជាមុន SEA GAMES

ភ្នំពេញ៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាអាស៊ីអាគ្នយ៍តំណាងឲ្យលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡានាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានប្រកាសពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ប្រភេទកីឡាចំបាប់នៅសាលប្រជុំធំនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។


លោក ខេស៊ី បាណេតបានមានប្រសាសន៍ថា តាងនាមលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវអំណរចំពោះក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិ CAMSOC NOCC UW ព្រមទាំងស្ថាប័នពាក់ព័ន្ធ ចំពោះកិច្ចសហប្រតិបត្តិការល្អ និងការរួមសាមគ្គីគ្នារៀបចំព្រឹត្តិការណ៍ប្រកួតនេះជាមួយសហព័ន្ធកីឡាចំបាប់កម្ពុជា ។ ឆ្នាំ២០២៣ ខាងមុខនេះ ដោយទទួលបានការគាំទ្រពីប្រតិភូកីឡាបណ្តាប្រទេសអាស៊ីអាគ្នេយ៍កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games និងASEAN Para Games ជាការប្រកួតកម្រិតអន្តរជាតិដ៏ធំនៅកម្ពុជា។ នេះគឺជាកិត្តិយសជា ប្រវត្តិសាស្ត្រមួយទៀតក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។


លោកបានបន្តថា ព្រឹត្តិការណ៍នៃការប្រកួតកីឡានេះមិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ-កីឡាការីនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡា SEA Games និងASEAN Para Games ឆ្នាំ២០២៣ខាងមុខនេះ។ ព្រឹត្តិការណ៍នៃការប្រកួតកីឡានេះក្នុងគោលបំណងជួយលើកកម្ពស់ អប់រំ សុខមាលភាព ខាងផ្លូវ កាយ ផ្លូវចិត្ត និងបច្ចេកទេសដល់កីឡាករ-កីឡាការិនី ទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួត ហើយដែលជាឱកាសផ្តល់នូវមេរៀនបទពិសោធន៍ដ៏ល្អៗ វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង ទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាពព្រឹត្តិការណ៍នេះ រួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេច បានសុខដុមនីយកម្មក្នុងសង្គមជាតិ។


ជាងនេះទៀត ព្រឹត្តិការណ៍កីឡាផ្ដល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធន៍ ដែលជាមរតកវប្បធម៌ជាតិ ព្រមទាំងជួយបំផុសស្មារតីមហាជនឲ្យស្រឡាញ់គាំទ្រវិស័យកីឡានិងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឲ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ វគ្គសិក្សាវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល ចៅក្រម វគ្គគ្រូបង្វឹក វគ្គបោះជុំរំបានសហការជាមួយ ជំនាញ Uw Expert និងគណៈកម្មការរៀបចំប្រកួត គណៈកម្មាធិការបច្ចេកទេស និងផ្នែកពាក់ព័ន្ធទាំងអស់ក្នុង គោលបំណងអភិវឌ្ឍន៍កីឡាមួយនេះឲ្យរីកចម្រើនទៅមុខ និងប្រសើរសម្រាប់សហព័ន្ធកីឡាចំបាប់កម្ពុជា។


ការប្រកួតនេះមាន៧ ប្រទេសរួមមាន ម្ចាស់ផ្ទះ កម្ពុជា ឡាវ សិង្ហ បុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និង វៀតណាម ក្នុងវិញ្ញាសាដាក់ឲ្យប្រកួត រួមមាន៖ វិញ្ញាសាក្រិចកូរ៉ូម៉ាំង១០ប្រភេទទម្ងន់ ចំបាប់សេរីនារី ១០ប្រភេទទម្ងន់ និងចំបាប់សេរីបុរស ១០ប្រភេទទម្ងន់៕

Most Popular

To Top