កីឡា

លោក ប៊ុន ផេង ៖ ខេត្តកណ្ដាល វិស័យកីឡា ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងថ្នាក់ខេត្ត

ខេត្តកណ្តាល ៖ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក ប៊ុន ផេង អភិបាលរង ខេត្តកណ្តាល តំណាងឲ្យ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ និងកីឡាបាល់ទាត់អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧មករា ឆ្នាំ២០២៣ នៅកីឡ្ឋាដ្ឋាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ប៊ុន ផេង បានមានប្រសាសន៍ថា រយៈពេល៤៤ឆ្នាំនេះកម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មី ធ្វើឲ្យមតិជាតិ និងអន្ដរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជាតិ គឺជាស្នាដៃដឹកនាំប្រកបដោយកបណ្ឌិត និងភាពឆ្លាតវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាវីរៈកុលបុត្រខ្មែរ ដ៏ឆ្នើមនាយុគសម័យថ្មីនេះ ។

លោកបានបន្តថា ដោយឡែក ចំពោះវិស័យកីឡាវិញកម្ពុជាបានទទួលកិត្តិយស ជាបន្តបន្ទាប់ក្នុងការប្រកួតកីឡាប៉េតង់ ។ បច្ចុប្បន្នប្រជាជនទាំងចាស់ ទាំងក្មេងបាន និងកំពុងចាប់អារម្មណ៍ លើសកម្មភាពហាត់ប្រាណ និងលេងកីឡា ដើម្បីសុខភាពផ្ទាល់ ឯយុវជនវិញបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពកីឡា ពិសេសថ្មីៗនេះ ដោយភាពឈ្លាសវៃ របស់សម្តេចតេជោ ក្នុងវិស័យនយោបាយការទូត ពហុកីឡដ្ឋានដ៏ទំនើបទាន់សម័យថ្មីមួយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ សម្រាប់ត្រៀមទទួលការប្រកួតថ្នាក់អន្តរជាតិ គ្រប់ប្រភេទកីឡា គឺ ពហុកីឡដ្ឋានមរតកតេជោជា ជំនួយរបស់មិត្តចិន ។

លោកបានបន្ថែមថា ដោយឡែកខេត្តកណ្ដាល វិស័យកីឡាត្រូវបានយកចិត្តទុកដាក់ជំរុញ ឲ្យមានការប្រកួតពីសំណាក់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សម្រាប់ថ្នាក់ខេត្ត យើងបានរៀបចំការប្រកួតកីឡាមហាជន កីឡាសិស្សបឋមសិក្សា មធ្យមសិក្សា បាល់ទាត់យុវជន បាល់ទាត់នារី ជ្រើសរើសជើងឯកខេត្ត ជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញ ឲ្យឃើញនូវការគាំទ្រវិស័យកីឡា ពីសំណាក់ប្រជាពលរដ្ឋ ក្នុងខេត្ត ពិសេសក្រុម យុវជនក្មេងៗ ដូចជាថ្ងៃនេះ យើងទាំងអស់គ្នា រៀបចំការប្រកួតកីឡានេះ គឺដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ ៧ មករា ដែលជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ។

លោកអភិបាលរងខេត្ត បានកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំឲ្យមានការប្រកួតបាល់ទាត់ កីឡាប៉េតង់ នេះឡើង ក្នុងន័យបានជួបជុំគ្នា រំលឹកនូវអនុស្សាវរីយ៍ ជាចំណងសាមគ្គីភាព មិត្តភាព សុខភាព និងបានបញ្ចេញនូវទេពកោសល្យរបស់ខ្លួន តាមរយៈការប្រកួតយ៉ាង សប្បាយរីករាយនេះ លទ្ធផលបច្ចេកទេស ដែលក្រុមកីឡាទាំងអស់សម្រេចបាន ក៏ដោយសារមានការគាំទ្រ និងលើកទឹកចិត្តពីទស្សនិកជន ដែលចូលចិត្តវិស័យកីឡាផងដែរ ព្រោះកីឡានាំមកនូវសុខភាព សន្តិភាព និងការអភិវឌ្ឍន៍ ៕

Most Popular

To Top