កីឡា

លោក វ៉ាត់ ចំរើន ៖ ទិវារត់ប្រណាំងស្ត្រី ចម្ងាយ១០គីឡូម៉ែត្រ ក្រោមប្រធានបទ “ស្ត្រីក្នុងភាពជាអ្នកដឹកនាំ”

ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុនឯកជន ប្រកាសរៀបចំទិវារត់ប្រណាំងស្ត្រី ចម្ងាយ១០គីឡូម៉ែត្រ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០២៣ខាងមុខនេះ ហើយទិវារត់ប្រណាំងស្ត្រី នឹងរៀបចំធ្វើឡើងនៅបរិវេណខាងមុខ សួនច្បារមុខវត្តបុទុមវតី ចាប់ពី ម៉ោង៥និង៣០នាទីព្រឹក
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក ឡុក – ខា ម៉េង អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ័ បានចូល រួមសន្និសិតកាសែត ប្រកាសជាផ្លូវការ បើកការរត់ដែលប្រព្រឹត្តនាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និសិត គណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រកាលឆ្នាំ២០២០ ប្រកបដោយភាពជោគជ័យ ដោយមានអ្នកចូលរួមរត់ជាង២០០០ នាក់ ទាំងអ្នករត់ខ្មែរ និងបរទេសក្នុងព្រឹត្តិការណ៍នេះ” ។ សម្រាប់ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រឆ្នាំនេះ ស្ថិតក្រោមប្រធានបទ “ស្ត្រីក្នុងភាពជាអ្នកដឹកនាំ” ។

លោកបានបញ្ជាក់បន្ថែមទៀតថា យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុន ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំងស្ត្រីចម្ងាយ១០ គីឡូម៉ែត្រនេះឡើងវិញ បន្ទាប់ពីយើងខកខានរៀបចំ ទិវារត់ប្រណាំងនេះអស់រយៈពេល២ឆ្នាំកន្លងមកដោយសារ តការរីករាលដាលជម្ងឺឆ្លង Covid-19” ។
លោក វ៉ាត់ ចំរើន ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមទិវារត់ប្រណាំងស្ត្រីនេះឲ្យបានច្រើន ដើម្បីចូលរួមលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រី ក្នុងការចូលរួមសកម្មភាពសង្គម ។
លោកក៏បានជំរុញលើកទឹកចិត្ត ដល់អត្តពលិកកម្ពុជា ទាំងអស់មានការហ្វឹកហាត់ ឲ្យកាន់តែខ្លាំងឡើងដើម្បីត្រៀមខ្លួន ចូលរួមប្រកួតកីឡា SEA Games ខាងមុខនេះ ។

ប្រជាពលរដ្ឋក៏អាចចូលរួម រត់កម្សាន្តសប្បាយជាលក្ខណៈគ្រួសារ ឬក៏រត់ជាមួយមិត្តភ័ក្ត្រសម្រាប់រយៈចម្ងាយ៤គីឡូម៉ែត្របានផងដែរ៕

Most Popular

To Top