កីឡា

លោកស្រី ឃុន សុខុម ៖ការប្រកួតកីឡា បាល់ទាត់នារី បង្ហាញឲ្យឃើញវិស័យកីឡា ខេត្តកណ្ដាល មានការរីកចម្រើន និងការចូលរួមស្រ្តី ក្នុងវិស័យកីឡា 

ខេត្តកណ្តាល៖ ក្រុមបាល់ទាត់ស្អាងយើងស្អាត បានលើពានរង្វាន់នៃព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់នារីជ្រើសរើសជើងឯក ថ្នាក់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៣ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់នារីស្រុកកណ្តាលស្ទឹងនៅវគ្គផ្តាច់ព្រ័ត្រ ដោយការប្រកួតតាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលនាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣នាទីលានបាល់ទាត់ខេត្ត។

ក្នុងឱកាសប្រគល់មេដាយ និងពានរង្វាន់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្តកណ្តាលប្រចាំឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមលោកស្រី ឃុន សុខុម អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និងអ្នកស្រី លោកស្រីប្រធាន អនុប្រធានការរិយាល័យនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល។

ក្រុមបាល់ទាត់ស្អាងយើងស្អាត បានលើពានរង្វាន់នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់នារីជ្រើសរើសជើងឯកថ្នាក់ ខេត្តកណ្តាលប្រចាំឆ្នាំ២០២៣ ក្រុមបាល់ទាត់នារីស្រុកកណ្តាលស្ទឹងបានត្រឹមជើងឯករង ក្រុមកីឡាការិនីកីឡាបាល់ទាត់ មីស្ទើរលេង អេហ្វស៊ី (ស្រុកលើកដែក)ចំណាត់លេខ៣ និងកីឡាការិនីកីឡាបាល់ទាត់ សាន់នី ស្ពត (កណ្តាលស្ទឹង)ចំណាត់លេខ៤ ។ 

លោកស្រី ឃុន សុខុម បានមានប្រសាសន៍ថា ការប្រកួតកីឡាបាល់ទាត់នារីនាឱកាសនេះ បានបង្ហាញឲ្យឃើញថា វិស័យកីឡាក្នុងខេត្តកណ្ដាល មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការចូលរួម ពីសំណាក់យេនឌ័រក្នុងវិស័យកីឡា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោកអភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរបានខិតខំគាំទ្រយ៉ាងពេញទំហឹងទាំងផ្នែក ស្មារតី សម្ភារៈ និងថវិកា ក្នុងនោះការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានយកចិត្តទុកដាក់រៀបចំផែនការ សកម្មភាពជាអាទិភាពផ្តោតលើសក្តានុពល និងធនធាន (អត្តពលិកកីឡាករ-កីឡាការិនី) លើប្រភេទកីឡាមានក្នុងខេត្ត ដើម្បីធានានូវគុណតម្លៃ ការបង្កលក្ខណៈ និងការផ្ដល់សិទ្ធិ ឲ្យស្រ្តីមាន ឱកាស និងលទ្ធភាពក្នុងការចូលរួម និងដឹកនាំសកម្មភាពហាត់ប្រាណ និងលេងកីឡាឲ្យកាន់តែទូលំទូលាយស្របតាមគោលនយោបាយយេនឌ័រក្នុងវិស័យកីឡា។

លោកស្រីបានបន្តថា បើយើងឆ្លុះបញ្ជាំងមកការប្រកួតរបស់យើងវិញ ឃើញថា ក្រុមកីឡាការិនីទាំងអស់បានយក ស្មារតីសាមគ្គីភាព និងមានសីលធ៌មប្រកបដោយការទទួលខុសត្រូវខ្ពស់មកអនុវត្តក្នុងការប្រកួតនេះបានល្អប្រសើរ ទាំងសាមគ្គីក្នុងក្រុម និងពីក្រុមមួយ ទៅក្រុមមួយទៀតធ្វើឲ្យការប្រកួត នេះទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។ ដោយឡែកក្រុមមិនបានទទួលជ័យជម្នះក្នុង ឱកាសនេះ ពេលត្រឡប់ទៅវិញត្រូវខិតខំហ្វឹកហាត់បន្តដើម្បីប្រកួតដណ្ដើមយកជ័យជម្នះនៅឆ្នាំ ក្រោយទៀត។ចំពោះក្រុមទទួលបានជ័យជម្នះនាពេលនេះ ត្រូវត្រៀមខ្លួននឹងធ្វើជាតំណាងឲ្យកីឡាបាល់ទាត់នារីរបស់ខេត្ត ដើម្បីទៅចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និងព្រឹត្តការណ៍ប្រកួត ផ្សេងៗទៀតនាពេលខាងមុខ។ 

ហើយខ្ញុំសង្ឈឹមថានៅឆ្នាំក្រោយៗ នឹងមានក្រុម ឬ ក្លឹបចូលរួមបាន ច្រើនជាងនេះ ដើម្បីរួមចំណែកលើកកម្ពស់នារីក្នុងវិស័យកីឡារបស់ខេត្ត ហើយបច្ចុប្បន្នប្រភេទ ក្រុមកីឡាជម្រើសរើសជាតិផ្នែកនារីបានទទួលមេដាយមាស និងមេដាយផ្សេងៗទៀតជូនជាតិ ជាច្រើនរូបមកហើយ កត្តាទាំងនេះហើយសបញ្ជាក់យ៉ាងច្បាស់ពីការគិតគូរ និងយកចិត្ត ទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំក្រសួងជំនាញដើម្បីលុបបំបាត់វប្បធម៌ការរើសអើង ស្ត្រីក្នុងវិស័យកីឡា៕

Most Popular

To Top