កីឡា

ក្រុមអត្តពលិក និងគ្រូបង្វឹកតេក្វាន់ដូ WT ២២ នាក់ត្រឡប់មកវិញ បន្ទាប់បញ្ចប់ការហ្វឹកហាត់នៅកូរ៉េ រយៈពេល ១ខែត្រៀម SEA GAMES 2023 នៅកម្ពុជា

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនី គ្រូបង្វឹក និងមន្រ្តីបច្ចេកទេសចំនួន ២២ នាក់នាយប់ថ្ងៃទី៣០ ខែមេសាឈានចូលខែឧសភា ឆ្នាំ២០២៣ បានវិលត្រឡប់ពីការហ្វឹកហាត់ បច្ចេកទេសនៅសាធារណរដ្ឋកូរ៉េ រយៈពេល១ ខែពេញដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងបទពិសោធន៍បន្ថែមត្រៀម ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា នាខែឧសភា ឆ្នាំ២០២៣ខាងមុខ។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូបានមានប្រសាសន៍ថា គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនីជម្រើសជាតិតេក្វាន់ដូ WT ចំនួន២២នាក់ទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស និងបទពិសោធន៍បន្ថែម ត្រៀមចូលរួមការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា នាខែឧសភា ឆ្នាំ២០២៣ខាងមុខ។

លោកអគ្គលេខាធិការបន្តថា សម្រាប់ហ្វឹកហាត់ដោយមានកីឡាការិនីរស់នៅក្រៅប្រទេស ២ នាក់ គឺកីឡាការិនី ម៉ម ជូលី (ខ្មែរកាត់បារាំង) និងកីឡាការិនី ថិប កាសាន់ទ្រេនីកូល (ខ្មែរកាត់អាមេរិក)។ ការ ហ្វឹកហាត់លើកនេះត្រៀមការប្រកួតកីឡា SEA GAMES 2023 កាន់តែជិត មកដល់ហើយ ដូច្នេះខេមរាសហព័ន្ធតេក្វាន់ដូ WT ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីលើប្រភេទទម្ងន់ មានសក្តានុពលរបស់កម្ពុជា។

លោកបានបន្ថែមទៀតថា ការចេញទៅហ្វឹកហាត់លើកនេះ ដោយមានឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023។

គ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនីចំនួន ២២ នាក់រួមមានគ្រូបង្វឹក ១ នាក់ មន្រ្តីបច្ចេកទេស ២ នាក់ និងកីឡាករ-កីឡាការិនី ១៩ នាក់ក្នុងនោះកីឡាការិនី ៩ នាក់ និងកីឡាករ ១០ នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top