កីឡា

ប្រធានសហព័ន្ធ កីឡាវាយសីកម្ពុជា បានអំពាវនាវ ឲ្យក្រុមអត្តពលិកកីឡា វាយសីប្រឹងប្រែង ប្រកួតឲ្យអស់សមត្ថភាព ដណ្តើមមេដាយជូនជាតិ នៃការប្រកួត SEA Games

ភ្នំពេញ ៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានរៀប ចំពិធីបួងសួង សុំសេចក្តីសុខសេចក្តីចម្រើន និងជួបសំណេះសំណាល ជាមួយក្រុមអត្តពលិក ជម្រើសជាតិកីឡា វាយសីនាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅទីលានប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅកាន់តែអស្ចារ្យ ក្នុងពហុកីឡដ្ឋានជាតិ មរតកតេជោ ។

ក្នុងឱកាសនោះពិធីបួងសួង សុំសេចក្តីសុខសេចក្តីចម្រើន ដោយមានអញ្ជើញចូលរួមពីសំណាក់លោកសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡា វាយសីកម្ពុជា ក៏ជួបសំណេះសំណាល់ជាមួយក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិ កីឡាវាយសីកម្ពុជាដែល ទើបនឹងវិលត្រឡប់ពីការហ្វឹកហាត់ នៅប្រទេសចិនរយៈពេល ៧ ខែ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងទិចនិចក្នុងការត្រៀមចូលរួម នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ។

លោកសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា ចំពោះប្រភេទវាយសី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ គណៈកម្មាធិការជាតិ រៀបចំ SEA GAMES 2023 បានកំណត់ចំនួនមេដាយមាស ៣ គ្រឿង ដូច្នេះក្រុមអត្តពលិកវាយសី ត្រូវខិតខំប្រឹងប្រែង ប្រកួតឲ្យ អស់សមត្ថភាពដើម្បីដណ្តើមជូនប្រទេសជាតិ យើងក្នុងនាមផ្ទះ ។
ក្រោយពីបញ្ចប់សំណេះសំណាល ជាមួយក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ កីឡាវាយសីកម្ពុជា ក៏មានការប្រកួតបង្ហាញថ្នាក់ ដឹកនាំសហព័ន្ធទំាងអស់ទស្សនា និងបញ្ចេញសមត្ថភាពក្នុងការហ្វឹកហាត់នៅប្រ ទេសចិន ។ ក្រុមកីឡាករ-កីឡាការិនីរបស់បានប្រឡប់មកវិញហើយ ក្រោយពីធ្វើការហ្វឹកហាត់នៅប្រទេសចិនអស់រយៈ៧ ខែដើម្បីព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ។ ក្រុមកីឡាករ-កីឡាការិនីវាយសី មានចំនួន ១៥ នាក់ក្នុងនោះកីឡាករ១១នាក់ និងកីឡាការិនី ៤ នាក់ត្រៀមខ្លួនការប្រកួតជាផ្លូវការ ប្រភេទកីឡាវាយសីនាថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក ប្រធានបានបន្តថា ក្នុងនាមអគ្គលេខាធិការលោកមានក្តីសង្ឃឹមច្រើន សម្រាប់ការប្រកួតកីឡាវាយសីនៃការប្រកួតកីឡា SEA GAMES 2023 ក្នុងការដណ្តើមយកមេដាយនោះគឺវិញ្ញាសាក្រុមចម្រុះបុរស-នារី៕

Most Popular

To Top