កីឡា

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ៖ការប្រកួតនេះធ្វើឡើងដើម្បីវាស់ស្ទង់ កម្រិតបច្ចេកទេសអត្តពលិកឆ្ពោះទៅការប្រកួត កីឡាយុវជនអាស៊ីលើកទី៥ ២០២៩នៅកម្ពុជា 

ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរាសហព័ន្ធតេក្វាន់ដូ និងលោក PARK Jung-Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាតេក្វាន់ដូ WT ដែលមានរហ័សនាមថា “ Korean Ambassador’s Cup Taekwondo Competition 2023” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅសាលតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូបានមានប្រសាសន៍ថា ការប្រកួតធ្វើឡើងក្រោមការសហការរវាងខេមរសហព័ន្ធតេក្វាន់ដូ និងស្ថានទូតសាធារណរដ្ឋកូរ៉េដើម្បីជំរុញការអភិឌ្ឍនវិស័យកីឡាតេក្វាន់ដូ WT នៅទូទាំងប្រទេសកម្ពុជា ជាពិសេសផ្តោតទៅលើកីឡាករ-កីឡាការិនីវ័យក្មេងជំនាន់ក្រោយក្លាយជាអត្តពលិកឆ្នើមរបស់កម្ពុជា។ សម្រាប់ការប្រកួត“ Korean Ambassador’s Cup Taekwondo Competition” ឆ្នាំនេះមានកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៣៣៥នាក់ និង២៥ ក្លិបមកពី ៤ រាជធានីខេត្តរួមមានរាជាធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តបាត់ដំបូង ចំពោះរាជាធានីភ្នំពេញចំនួន ២១ ក្លិប ខេត្តកណ្តាល ២ ក្លិប ខេត្តសៀមរាប និងខេត្តបាត់ដំបូង ១ក្លិបដូចគ្នា។

លោកអគ្គបានបន្តថា សម្រាប់ការ ប្រកួតឆ្នាំនេះ ខេមរសហព័ន្ធ តេក្វាន់ដូ បានដាក់ ២៤ វិញ្ញាសា ក្នុងនោះវិញ្ញាសាមេគុន បុរស-នារីមានចំនួន ៩ វិញ្ញាសា Speed Kciks ចំនួន ៨ វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធ ៣ វិញ្ញាសា។ វិញ្ញាសាមេគុនឯកត្តជនបុរស-នារី មានចំនួន ៨ រួមមានអាយុក្រោម ១០ ឆ្នាំ អាយុ ១០ ដល់ ១៤ ឆ្នាំ និងអាយុ ១៤ ដល់ ១៧ ឆ្នាំ ។ ចំណែកវិញ្ញាសា Speed Kciks ចំនួន ៨ វិញ្ញាសា រួមមានអាយុក្រោម ៨ ឆ្នាំ អាយុ ១០ ១២ ឆ្នាំ និង១៤ ឆ្នាំ ។ វិញ្ញាសាប្រយុទ្ធ ៨ វិញ្ញាសា (ក្រុមជម្រើសជាតិ) ។

ការប្រកួតកីឡាតេក្វាន់ដូ WT «ពានរង្វាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ Best of the Best ប្រចាំឆ្នាំ២០២៣»នាឆ្នាំនេះ អាចប្រព្រឹត្តទៅបាន ដោយមានការឧបត្ថម្ភគាំទ្រពី ស្ថានទូត សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន Samsung Electronic សហការ រៀបចំជាមួយខេមរសហព័ន្ធតេក្វាន់ដូ ទើបអាចដំណើរការទៅបានដោយរលូន និងជោគជ័យ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូ និងខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា បានរៀបចំការប្រកួត Korean Ambassador’s Cup Taekwondo Competition 2023 ប្រកបដោយ ភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន ដោយរក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម ក៏សូមអរគុណដល់ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់បានគោរពនូវបទបញ្ជាប្រកួតបាន យ៉ាងល្អប្រសើរ។
លោកបណ្ឌិតបានបន្តថា សូមថ្លែងអំណរគុណដល់ ស្ថានទូតសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រ និងផ្តល់ឱកាស ដល់ប្រភេទកីឡាតេក្វាន់ដូWT ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជាការ ផ្តល់ឱកាសដល់ក្មួយៗកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូWTកម្ពុជា បានប្រកួតបង្ហាញនូវសមត្ថភាព បច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ពីការប្រកួត Korean – Ambassador’s Cup Taekwondo Competition 2023. ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេសបន្ថែម ដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូជាលក្ខណៈអន្តរជាតិនានា និងត្រៀម ឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth | Games) នាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះខាងមុខ៕

Most Popular

To Top