កីឡា

សហព័ន្ធខ្មែរ កីឡាហែលទឹកបញ្ជូនមន្រ្តី និងអត្តពលិកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ និងប្រកួតកីឡាហែលទឹកជើងឯកពិភពលោកឆ្នាំ២០២៣ នៅជប៉ុន

ភ្នំពេញ៖នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សហព័ន្ធខ្មែរ កីឡាហែលទឹកបានបញ្ជូនប្រតិភូ ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ចំនួន ៤ នាក់ទៅចូលរួមការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣ (World Aquatics Championships 2023) តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (World Aquatic) នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីក្រុង Fukuoka ប្រទេសជប៉ុន ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធបានមានប្រសាសន៍តាមប្រព័ន្ធអនឡាញថា ថ្ងៃនេះរូបលោកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ចំនួន ២ នាក់ចេញដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួមកម្មវិធី ៣ ក្នុងពេលតែមួយគឺកិច្ចប្រជុំប្រចាំឆ្នាំសហព័ន្ធកីឡាហែលទឹកពិភពលោក កម្មវិធីបទបង្ហាញពីសកម្មភាពការអភិឌ្ឍន៍កីឡាហែលទឹក និងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៣។

កីឡាការិនីហែលទឹកកម្ពុជាចំនួន ២ នាក់ និងគ្រូបង្វឹក គឺកីឡាការិនីហែលទឹក ឃឿន ចរិយា និងកីឡាករ មនត្រស ផានសុវណ្ណអារុន នេះជាគោលការណ៍ ឬចំនួនដែលសហព័ន្ធកីឡាហែលទឹកពិភពលោកកំណត់ឲ្យសហព័ន្ធខ្មែរហែលទឹក ព្រមទំាងលោកគ្រូបង្វឹក លោក ហែម ថុនពន្លឺ ។
កីឡាការិនីហែលទឹក ឃឿន ចរិយា ប្រកួត ២ វិញ្ញាសាគឺវិញ្ញាសាហែលចម្ងាយ ៥០ ម៉ែត្រផ្ងារ និងវិញ្ញាសាហែលចម្ងាយ ១០០ ម៉ែត្រផ្ងារ ដោយសារកីឡាការិនីបានធ្វើហ្វឹកហាត់នៅប្រទេសចិនអស់រយៈពេល ៧ ខែមុនការប្រកួតកីឡា SEA GAME 2023 មានការរីកចម្រើនខ្លាំង។

លោកអគ្គលេខាបានបន្តថា ចំណែកកីឡាករ មនត្រស ផានសុវណ្ណអារុន ប្រកួត ២ វិញ្ញាសាគឺវិញ្ញាសាហែលចម្ងាយ ៥០ ម៉ែត្រសេរី និងវិញ្ញាសាហែលចម្ងាយ ៥០ ម៉ែត្រមេអំបៅ ។

ការប្រកួតនេះ សហព័ន្ធហែលទឹកជាតិទាំងអស់ ត្រូវតែចូលរួមតម្រូវតាមគោលការណ៍របស់សហព័ន្ធកីឡាហែលទឹកពិភពលោក ដើម្បីសហព័ន្ធជាតិជាសមាជិកបានជួយជុំគ្នាសម្រាប់ស្ទាប់ស្ទងបច្ចេកទេស និងផ្តល់ឱកាសកីឡាករ-កីឡាការិនីបណ្តាបានចូលរួមផងដែរ។

រូបលោកមានក្តីសង្ឃឹមថា កីឡាការិនីហែលទឹក ឃឿន ចរិយា ធ្វើបានល្អជាង SEA GAME 2023នៅកម្ពុជាកន្លងទៅ ចំពោះកីឡាករ មនត្រស ផានសុវណ្ណអារុន ក៏អាចធ្វើល្អដែរ យើងដឹងហើយថា កម្រិតពិភពលោកនេះ ព្រោះការប្រកួតមាន ១៥០ទៅ១៦០ ប្រទេសចូលរួម វាពិបាកណាស់ក្នុងការឈានដល់ចំណុចមួយទៅរកមេដាយ។

កីឡាករ-កីឡាការីនីនៅតំបន់អាស៊ីអាគ្នេយ៍ដូចជាសិង្ហបូរីក៏ពិបាកក្នុងការដំណ្តើមេមដាយដែរ។

សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS) បានអញ្ជើញ ដូច្នេះសហព័ន្ធខ្មែរកីឡាហែលទឹកាបនបញ្ជូនមន្រ្តីថ្នាក់ដឹកនាំចំនួន ១នាក់ ដើម្បីទៅចូលរួមប្រជុំក្នុងកម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS General Congress) ក្នុងនោះសហព័ន្ធខ្មែរកីឡាហែលទឹកបានសម្រេចចាត់បញ្ជូនរូបលោកតំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកចូលរួមក្នុងកម្មវិធីខាងលើ ។

កម្មវិធីប្រជុំសន្និបាតខាងលើនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Fukuoka ប្រទេសជប៉ុន ។

ក្នុងការទៅចូលរួមប្រជុំក្នុងកម្មវិធីខាងលើនេះ គឺសហព័ន្ធខ្មែរកីឡាហែលទឹកត្រូវបានជ្រើសរើសឲ្យឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការជួយជំរុញគាំទ្របន្ថែមសម្រាប់ការអភិវឌ្ឍបន្តមានតែ ១០ប្រទេសប៉ុណ្ណោះ ដែលជាសមាជិករបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS) ត្រូវបានជ្រើសរើសឲ្យឡើងធ្វើបទបង្ហាញនេះ ហើយនេះក៏ជាលើកទី១ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹកបានធ្វើឲ្យពិភពលោក ស្គាល់អំពីការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា “កីឡារស់ក្នុងសន្តិភាព”៕ ដោយ៖លី ភីលីព

Most Popular

To Top