កីឡា

លោកបណ្ឌិត ស សុខា ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ អង្គភាពជំនាញទាំង ៦ ចំណុះអគ្គនាយកដ្ឋានកីឡា

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ អង្គភាពជំនាញទាំង ៦ ចំណុះអគ្គនាយកដ្ឋានកីឡា អង្គភាពពាក់ព័ន្ធ និងក្រុមការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡាសរុបចំនួន ១១០រូប នៅសាលប្រជុំ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា វិស័យអប់រំកាយ និងកីឡាមានការរីកចម្រើនគួរជាទីមោទនៈ ជាពិសេសជោគជ័យដ៏ត្រចះត្រចង់ និងបានទទួលមេដាយជាច្រើន សន្ធឹកសន្ធាប់មិនធ្លាប់មាន នៃការរៀបចំការប្រកួតកីឡា SEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលកន្លងមកថ្មីៗនេះ ដែលប្រជាជនកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ បានចូលរួមអបអរសាទរទូទាំង ប្រទេស ប្រកបដោយមោទនភាព ។

ជោគជ័យខាងលើ មិនអាចកាត់ផ្តាច់ចេញបានពីកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងលោកបណ្ឌិតរដ្ឋលេខាធិការទទួលបន្ទុកដែលបានចង្អុលបង្ហាញ និងតម្រង់ទិសដោយផ្ទាល់ ព្រមទាំងលោកអនុរដ្ឋលេខាធិការទាំងពីររូបចូលរួមដឹកនាំ អនុវត្តសកម្មភាពអប់រំកាយ និងកីឡាឲ្យកាន់តែមានការរីកចម្រើន។

លោកបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំកីឡាទំាងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការអភិឌ្ឍន៍ វិស័យកីឡា នៅប្រទេសកម្ពុជា ទទួលជោគជ័យ យ៉ាងត្រចះត្រចង់ ប្រកបដោយមោទនភាពជាតិ និងបានលើកកម្ពស់ កិត្យានុភាពជាតិឲ្យខ្ពង់ត្រដែត ក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍កីឡាទាំង ២ ខាងលើនេះ ដែលកម្ពុជាបានរៀបចំត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ាន កត់ត្រាក្នុងប្រវត្តិសាស្ត្រថា ជាការរៀបចំព្រឹត្តិការណ៍កីឡា ដោយមិនគិតថ្លៃ និងមិនធ្លាប់មាន ។

Most Popular

To Top