ភ្នំពេញ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានអញ្ជើញទទួលស្វាគមន៍ក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាដែលដណ្តើមបានមេដាយសរុបចំនួន២០គ្រឿងជូនកម្ពុជាក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡា។
ការប្រកួតខាងលើនេះក្រុមកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាមេដាយសរុបចំនួន ២០ គ្រឿងក្នុងមេដាយមាស ៦ គ្រឿង មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង។ ចំពោះលទ្ធផលមេដាយទំាងនេះធ្វើឲ្យឈរលំដដាប់លេខ ៣ ខណៈចំណាត់លេខ១ បានទៅលើម្ចាស់ផ្ទះ វៀតណាម និងចំណាត់លេខ២ បាទៅលើប្រទេសអាស៊េរី។
លោក ប៉ុន សុខ បានមានប្រសាសន៍ថា នៅពេលនេះប្រភេទកីឡាវ៉ូវីណាមកម្ពុជាបានចូលរួមប្រកួតជើងឯកពិភពលោក ដែលបានធ្វើឲ្យពិភពលោកបានឃើញពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត តាមរយៈវិស័យកីឡា។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រធានសហព័ន្ធ គ្រូបង្វឹក កីឡាក- កីឡាការិនីវ៉ូវីណាមទាំងអស់ ដែលលទ្ធផលគាប់ប្រសើរនេះបានរួមចំណែកកសាងកិត្តិយសជាតិលើឆាកអន្តរជាតិ។
លោកបានបន្តថា លទ្ធផលនេះ គឺជាកើតចេញពីការរួបរួមគ្នាដើម្បីសម្រេចបាននូវសមិទ្ធផលប្រកបដោយមោទនភាពជាតិ។ ក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្នុងនាមរដ្ឋលេខាធិការទទួលបន្ទុកកីឡាក៏ផ្តាំផ្ញើការសាកសួរសុខទុក្ខ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងមួយនេះ។ សូមធ្វើរបាយការណ៍ឲ្យបានឆាប់ ដើម្បីឱ្យនាយកដ្ឋានជំនាញរៀបចំស្នើសុំប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។
លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានបង្ហាញក្តីរីករាយចំពោះថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមអគ្គនាយកកីឡា ដែលបានផ្តល់ការគាំទ្រលើកទឹកចិត្តដល់កីឡាវ៉ូវីណាមកម្ពុជា ក្នុងពេលនេះ ដែលអត្តពលិកវ៉ូវីណាមដណ្តើមបានលទ្ធផលល្អ និងនាំមកនូវកិត្តិយសជូនជាតិ ពីការប្រកួតកម្រិតពិភពលោក ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជាក់ថា មេដាយសរុបចំនួន២០គ្រឿង ដែលកម្ពុជាដណ្តើមបាន គឺមានមេដាយមាស៦ មេដាយ ប្រាក់៥ និងសំរឹទ្ធ៩គ្រឿង ដោយកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ ខណៈម្ចាស់ផ្ទះវៀតណាម ឈរលេខ១ និងអាល់ស៊េរី ឈរលេខ២ នៃតារាងមេដាយ ក្នុងចំណោម៣៥ប្រទេសចូលរួម៕ ដោយ៖លី ភីលីព







