កីឡា

ម្ចាស់មេដាយអូឡាំពិក លោក Klete Keller ត្រូវបានកាត់ទោស ពីបទបំពាន ដោយវាយលុកអគារ Capitol អាមេរិក

RT

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា កីឡាករហែលទឹក ម្ចាស់មេដាយមាស អូឡាំពិកអាមេរិក Klete Keller ត្រូវបានកាត់ទោសឲ្យឃុំខ្លួន ក្នុងផ្ទះរយៈពេល ៦ ខែ ពីបទចូលរួមក្នុងការវាយលុក ក្នុងបរិវេណ កាពីតូល កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ។

ការកាត់ទោស ត្រូវបានធ្វើឡើង ក្នុងតុលាការក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ក៏រួមបញ្ចូលទាំងការសាកល្បងរយៈពេល ៣ ឆ្នាំ និងការបម្រើសហគមន៍ចំនួន ៣៦០ ម៉ោង ។ លោក Keller ធ្លាប់បានសារភាពកំហុស ចំពោះការរារាំងសភា។ លោក Keller អាយុ ៤១ ឆ្នាំ តំណាង ឲ្យសហរដ្ឋអាមេរិក នៅកីឡា អូឡាំពិក ក្នុងឆ្នាំ ២០០០ ២០០៤ និង២០០៨ ដោយបានឈ្នះមេដាយចំនួន៤ គ្រឿង រួមទាំងមាសចំនួន២ គ្រឿង ។

លោបានស្ថិតក្នុងហ្វូងមនុស្ស របស់អ្នកគាំទ្រ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានប៉ះទង្គិចជាមួយប៉ូលីស ហើយបានវាយលុក អគារ Capitol មួយភ្លែត នៅពេលសភាកំពុងដំណើរការបញ្ជាក់ពីជ័យជំនះនៃការបោះឆ្នោតរបស់លោក Joe Biden ដែលលោក Trump អះអាងថា ត្រូវបានគេបោកប្រាស់ ។

នៅខាងក្នុងកាពីតូល Keller បានពាក់អាវកីឡាអូឡាំពិករបស់ក្រុមសហរដ្ឋអាមេរិករបស់លោក ហើយបានស្រែកថា “Fk Nancy Pelosi!” និង “Fk Chuck Schumer!” យោងទៅលើប្រធានសភា និងព្រឹទ្ធសភា ដែលមានសំឡេងភាគច្រើននៅពេលនោះ ។

យោងតាមព្រះរាជអាជ្ញាថា នៅពេលមួយលោកបានទាញកែងដៃ ចេញពីមន្ត្រីប៉ូលិសដែលព្យាយាមបោសសម្អាតអគារ។ យ៉ាងណាក៏ដោយ តំណាងអយ្យការបានទទួលស្គាល់ថា អតីតកីឡាកររូបនេះ មិនបានប្រព្រឹត្តអំពើហិង្សាលើរាងកាយទេ ៕
ដោយ៖លី ភីលីព

Most Popular

To Top