កីឡា

អ្នកប្រដាល់គុនខ្មែរ ផ្តួលអ្នកប្រដាល់ថៃ បោះបង់ការប្រកួតមុនទឹកទី ៥ ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ អ្នកប្រដាល់គុនខ្មែរជើងខ្លាំងកម្ពុជា ៣ រូបបានផ្តួលអ្នកប្រដាល់ថៃ ឲ្យបោះបង់ការប្រកួត ត្រឹមទឹកទី ២ និងទឹកទី ៤ បន្ទាប់ពីពួកគេប្រើស្នៀតពិសេស ដើម្បីផ្តួលគូប្រកួតរៀងៗខ្លួន ។

អ្នកប្រដាល់គុនខ្មែរ សូត្រ វាសនា ក្លិបបក្សីស្លាបដែក បានយកឈ្នះអ្នកប្រដាល់ថៃ Den Phichhet ដោយពិន្ទុ បន្ទាប់ពីពួកគេប្រកួតគ្នា ៥ទឹកពេញមកនោះ អ្នកទំាង ២ នាក់មិនផ្តួលគ្នា ឲ្យសន្លប់មុនទឹកទី៥ បានឡើយ ។ ជំនួបរវាងអ្នកប្រដាល់ទាំង២ រូបនេះ មានលក្ខណៈតឹងតែងយ៉ាងខ្លាំង ដោយសារទាំងសងខាង សុទ្ធតែមានផ្លែវ៉ៃចេញល្អដូចគ្នា ។

កីឡាករ វាសនា ដែលជាអ្នកប្រដាល់មានល្អកែង និងជង្គង់នោះ ក៏វេទនា ដោយសារកណ្ដាប់ដៃ និងស្នៀតទាត់របស់ដែនភិឈីតដែរ តែការវ៉ៃចេញរបស់វាសនា មានប្រៀបលើអ្នកប្រដាល់ថៃរូបនេះ តែបន្តិចបន្តួចប៉ុណ្ណោះ។ ពួកគេប្រកួតគ្នា៥ទឹកពេញដោយជ័យជំនះបានទៅលើសូត្រ វាសនា ។

ចំណែកអ្នកប្រដាល់គុនខ្មែរ សោម ពិសិដ្ឋ ក្លិបហ្គាឡាក់ស៊ីណាវ៉ាត្រា បានផ្ដួលអ្នកប្រដាល់ថៃ Neth Phayak ឲ្យសន្លប់មុនស្នូរជួង បញ្ចប់ទឹកទី៤ ។ ៣ទឹកដំបូងការ ប្រកួតរវាងអ្នកប្រដាល់ទាំង២ក៏មានលក្ខណៈតឹងតែងដែរ ហើយការវ៉ៃចេញ របស់ពួកគេមានប្រសិទ្ធិភាព ដូចគ្នា ប៉ុន្តែ Neth Phayak ត្រូវពិសិដ្ឋវ៉ៃឲ្យអាជ្ញាកណ្ដាលរាប់ ៨ នៅទឹក ទី៣ហើយនៅទឹកទី៤គេក៏ សន្លប់ក្រោកលែងលែងរួចតែម្ដង ។

អ្នកប្រដាល់ គង់ ហ៊ូវ ក្លិបមេសថ្ងកខេត្តស្វាយរៀងបានប្រើជើងទាត់អ្នកប្រដាល់ថៃ Katha Thep ចំមុខបណ្ដាលឲ្យសន្លប់ធំនៅត្រឹមទឹកទី ២ ប៉ុណ្ណោះ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះគង់ ហ៊ូវចង់ផ្ដួលកាថា ថេបតាំងពីទឹកទី១មកម្ល៉េះ តែអ្នកប្រដាល់ថៃរូបនេះ បានព្យាយាមការពារជើងនិងកែងរបស់គង់ ហ៊ូវព្រោះគេដឹងថា អាវុធដ៏ពិសិដ្ឋរបស់គង់ ហ៊ូវ គឺទាត់ដែលកន្លងមក មានអ្នកប្រដាល់មិនតិចទេ ដែលសន្លប់ក្រោមទម្ងន់ជើងរបស់គេ។

អ្នកប្រដាល់គុនខ្មែរ ដែលម្ដងកាពារកែងម្ដង ការពារជើងនោះមកដល់ទឹកទី២ស្មារតី របស់គេក៏ដូចជាស្រុតចុះធ្វើឲ្យគង់ ហ៊ូវបញ្ចេញមួយជើងចំផ្ទៃមុខ សន្លប់ក្រោកលែងរួចតែម្ដង ។ ចំពោះជំនួបរវាងអ្នកប្រដាល់រួមជាតិ ក្នុងតំណែងគូពិសេស នោះអ្នកប្រដាល់អេលីត ប៊ុន តុង ក្លិបនាយកដ្ឋានអង្គរក្ស បានផ្ដួលអ្នកប្រដាល់ធន បូរីក្លិបកងយោធពល ខេមរភូមិន្ទ ឲ្យសន្លប់មុនស្នូរ ជួងបញ្ចប់ទឹកទី២៕

Most Popular

To Top