ភ្នំពេញ ៖ ក្រុមកីឡាអត្តពលកម្មខណ្ឌចំការមន ដណ្តើមមេដាយមាស ៣ គ្រឿង ខណៈខណ្ឌច្បារអំពៅមេដាយមាស ២ គ្រឿងនៃការប្រកួតកីឡា សិស្សបឋមសិក្សាជ្រើសរើសជើងឯក ថ្នាក់រាជធានី ឆ្នាំ២០២៤ រៀបចំឡើងដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចាប់ផ្តើមការប្រកួតលើប្រភេទកីឡាអត្តពលកម្ម នៅវិទ្យាល័យ ជាស៊ីម សាមគ្គី ។
ក្រុមកីឡាអត្តពលកម្មខណ្ឌ ចំការមន ដណ្តើមមេដាយមាស ៣ គ្រឿង ប្រាក់១ គ្រឿង និងសំរិទ្ធ ២ គ្រឿង ខណៈខណ្ឌច្បារអំពៅ ឈ្នះមេដាយមាស ២ គ្រឿង ប្រាក់៤ គ្រឿង និងសំរិទ្ធ ២ គ្រឿង សាលាហេបភីច័ន្ទតារានារីព្រែកថ្មី ឈ្នះមេដាយមាស ២ គ្រឿង ខណ្ឌជ្រោយចង្វារឈ្នះមេដាយមាស ១ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង និងខណ្ឌ សែន សុខ ឈ្នះមេដាយមាស ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង។

ចំណែកសាលារ៉ូយ៉ាល់ភ្នំពេញឈ្នះមេដាយមាស ១ គ្រឿង ខណ្ឌមានជ័យឈ្នះមេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង សាលាឃើមុល ឈ្នះមេដាយប្រាក់ ១ គ្រឿង ខណ្ឌ ពោធិ៍សែនជ័យ និងសាលាមេតូឌីស្ទកម្ពុជាឈ្នះមេដាយសំរិទ្ធ ១ គ្រឿងដូចគ្នា។ ការប្រកួតប្រភេទកីឡាអត្តពលកម្មកមានក្រុមកីឡាករ-កីឡាការិនីចំនួន ២២២ នាក់ ក្នុងនោះការប្រកួតពេលព្រឹកមានចំនួន ១០០ និងល្ងាចមានចំនួន ១២២នាក់។

ការក្រុមចូលរួម ១២ មកពីខណ្ឌចំនួន ៨ និងសាលាឯកជនអន្តរជាតិចំនួន ៤ រួមមាន សាលាមេតូឌីស្ទកម្ពុជា ខណ្ឌមានជ័យ ខណ្ឌ ដង្កោ ខណ្ឌ ទួលគោក ខណ្ឌច្បារអំពៅ ខណ្ឌ ចំការមន ខណ្ឌ ឬស្សីកែវ ខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌ បឹងកេងកង ខណ្ឌ សែនសុខ ខណ្ឌ ជ្រោយចង្វារ សាលា ឃើមុល សាលាដុនបូស្កូទឹកថ្លា សាលា អន្តរជាតិខេនរីដ៏ សាលាបញ្ញាសាស្រ្តអន្តរជាតិ (ឈូកវ៉ា២) ខណ្ឌ ព្រែកព្នៅ សាលាបញ្ញាសាស្រ្តអន្តរជាតិ (ទួលទំពួង) និងខណ្ឌ ដូនពេញ។
សម្រាប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់រាជធានី ឆ្នាំ២០២៤ មានប្រតិភូ គ្រូបង្វឹក និងកុមារា-កុមារី ដែលជាអត្តពលិកប្រកួតចូលរួមសរុបចំនួន ៨៣៨ នាក់មកពី ១៣ ខណ្ឌ ដោយមានប្រភេទកីឡាចំនួន៦ រួមមាន៖ បាល់បោះកុមារី-កុមារា, បាល់ទះកុមារី-កុមារា, បាល់ទាត់កុមារី-កុមារា, អត្តពលកម្មកុមារី-កុមារា, វាយសី និងវាយកូនឃ្លីលើតុ ដែលការប្រកួតនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៨ ដល់២៤ កុម្ភៈ ឆ្នាំ២០២៤។ចំពោះទីតាំងប្រកួតមាន វិទ្យាល័យឥន្ទ្រទេវី (បាល់បោះ,បាល់ទាត់) និងវិទ្យាល័យជាស៊ីមសាមគ្គី (បាល់ទះ,អត្តពលកម្ម,វាយសី,វាយកូនឃ្លីលើតុ)៕
ដោយ៖លី ភីលីព
