ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ថ្ងៃនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំ ទិវារត់ប្រណាំងស្តី្រចម្ងាយ ១០ គ.ម ដើម្បីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ក៏ដូចជាជំរុញការចូលរួមលេងកីឡារបស់ស្ត្រី ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីតាមរយៈវិស័យកីឡា។
លោកបណ្ឌិតបានបញ្ជាក់ថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងអភិវឌ្ឍវិស័យកីឡាជាតិ ក្នុងនោះអត្តពលិកនារីកម្ពុជាតែងតែបង្ហាញនូវភាពអង់អាចរបស់ខ្លួនជាប្រចាំនៅលើឆាកកីឡាអន្តរជាតិ ជាមួយនឹងការទទួលបានជោគជ័យ និងមេដាយជាច្រើន ជូនជាតិមាតុភូមិ។ ជាក់ស្តែង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ អត្តពលិក នារីកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធ រហូតអាចឲ្យកម្ពុជាឈរលើចំណាត់ថ្នាក់ទី៤ ដែលជាប្រវត្តិដ៏អស្ចារ្យបំផុតរបស់យើង។
ជាមួយគ្នានេះដែរ កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង បានធ្វើឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីភាពអង់អាចរបស់ស្រ្តីកម្ពុជា តាមរយៈការបង្ហាញឆន្ទៈ ស្មារតីកីឡា និងគុណតម្លៃអូឡាំពិកក្នុងការជម្នះបញ្ចប់ការរត់ចម្ងាយ ៥,០០០ ម៉ែត្រ របស់ខ្លួនក្រោមតំណក់ទឹកភ្លៀង។
ទិវារត់ប្រណាំងស្តី្រចម្ងាយ ១០ គ.ម ឆ្នាំ២០២៤ នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ២,៦០០ នាក់ រួមមាន អត្តពលិកខ្មែរចំនួន ២,៣២៥ នាក់ និងអត្តពលិកអន្តរជាតិចំនួន ២៧៥ នាក់ ក្នុងនោះអត្តពលិកនារីចំនួន ១,៤៤៦ នាក់ ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវឲ្យយុវជន-យុវនារីទាំងអស់ចូលរួមលេងកីឡាទាំងអស់គ្នា និងចូលរួមផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក រួមមាន៖ ឧត្តមភាព “Excellence”, ការគោរពគ្នា “Respect” និងមិត្តភាព “Friendship” ក្នុងទិសដៅកសាងពិភពលោកដ៏ស្រស់បំព្រងតាមរយៈកីឡា។សូមអត្តពលិកជាតិ និងអន្តរជាតិបន្តគាំទ្រ និងចូលរួមទិវារត់ប្រណាំងបន្តទៀតដើម្បីសកម្មភាពសប្បុរសធម៌៕ ដោយ៖លី ភីលីព








