ភ្នំពេញ ៖ សហព័ន្ធកីឡាអុកចត្រង្គ កម្ពុជា “COF” ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានបើកការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤ របស់ខ្លួន ដើម្បីស្វែងកីឡាករ អុកចត្រង្គរកជើងខ្លាំង ៦រូប ត្រៀមបញ្ចូលក្នុង ក្រុមជម្រើសជាតិ ឆ្នាំ២០២៤ ដើម្បីចូលរួមការប្រកួត កម្រិតអន្តរជាតិនានា រយៈពេលពេញ១ថ្ងៃ នៅភោជនៅដ្ឋាន បាយ័នកាល់ម៉ែត្រ ។
លោក ហួយ សូណា អគ្គលេខាធិការសហព័ន្ធកីឡា អុកចត្រង្គកម្ពុជា បាននិយាយថា សហព័ន្ធធ្វើការជ្រើសរើស យកកីឡាករចំនួន១០រូប ដែលមានស្នាដៃ ទទួលបានមេដាយ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣ រួមនិងកីឡាករតាម បណ្ដាក្លិប ដែលសហព័ន្ធបានជ្រើសរើស យកចំនួន២ រូបដើម្បីធ្វើការប្រកួតប្រជែង យកតែ៦រូប ជាជម្រើសជាតិ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៤ ។
សម្រាប់សមាសភាពកីឡាករទាំង១២ រូបក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ចម្រាញ់យកតែ៦ រូបរួមមាន កីឡាករ សុខ លឹមហេង ម្ចាស់មេដាយមាស SEA GAME កីឡាករ ឈាវ បូរ៉ា កីឡាករ យ៉ាន សុខលាង កីឡាករ សំ កក្កដា កីឡាករ ម៉េង សិរីសម្បត្តិ កីឡាករ ប៊ិន គាសេង កីឡាករ ឆយ វីរ៉ា កីឡាករ ប៊ូ ប៉ុណ្ណម៉ាលីកា កីឡាករ ជា ស៊ីដេត ម្ចាស់មេដាយប្រាក់ SEA GAME កីឡាករ នូ ច័ន្ធផានិត ម្ចាស់មេដាយសំរិទ្ធ និងកីឡាករ ហេង សៅឌី រួមជាមួយ សុខ ប៊ុនថន ។
សម្រាប់រូបមន្តនៃការប្រកួត ខាងសហព័ន្ធ កីឡាអុកចត្រង្គកម្ពុជា បានបែងចែកជា៣ក្រុម ដោយក្នុងក្រុមនីមួយៗ មានកីឡាករចំនួន៤រូប និងក្នុងមួយក្រុមជ្រើសរើស យកតែពីររូបប៉ុណ្ណោះ ។
ដោយ៖លី ភីលីព