ភ្នំពេញ ៖ ការប្រកួតកីឡាសិស្សមធ្យម សិក្សាជ្រើសរើសជើងឯក រាជធានីភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ ដែលបានដំណើរ ការប្រកួតអស់រយៈពេល៧ថ្ងៃ បានបញ្ចប់ការប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ ទ្យាល័យជាស៊ីមជ្រោយចង្វា ខណ្ឌ ឬស្សីកែវ ។

វិញ្ញាសាបិទបញ្ចប់ចុងក្រោយ ដែលជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ គឺវិញ្ញសាបាល់ទាត់ ដោយក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រៈទេវី បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់សាលា សុវណ្ណភូមិ ក្នុងលទ្ធផល៣ទល់២ ។
លោក ស្រេង សេង ប្រធានការិយាល័យកីឡា នៃមន្ទីរអបរំយុវជននិងកីឡារាជធានីភ្នំពេញ មានប្រសាសន៍ ឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យម សិក្សាជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ បានដំណើរការប្រកួត ជាផ្លូវការចាប់ពីថ្ងៃទី១១ ខែ មីនា សរុបមានរយៈពេល៧ថ្ងៃ ដោយធ្វើការប្រកួតលើ៦ប្រភេទកីឡា មានដូចជា៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងកីឡាវាយកូនឃ្លីលើតុ ។

លោក បានគូសបញ្ជាក់ថា ការប្រកួតនេះ ការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានរៀបចំឡើង ដើម្បីចំរាញ់ជ្រើសរើស កីឡាករកីឡាការិនី ឆ្នើមៗ តំណាងឲ្យរាជធានីភ្នំពេញ ត្រៀមចូលរួមការ ប្រកួតកីឡាសិស្ស មធ្យមសិក្សាទូទាំងទូទាំងប្រទេស ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា នាពេលខាងមុខ ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានថ្លែងការកោតសសើរ ចំពោះប្រតិភូ តាមបណ្តាសាលារដ្ឋនិងឯកជន ដែលបានបញ្ជូនក្រុមកីឡាចូលរួមក្នុងការប្រកួតជើងឯកនេះ ដែលនេះ គឺជាកាយវិការ និងការចូលរួមដោយស្មោះ ក្នុងការកសាងនិងអភិវឌ្ឍវិស័យកីឡានៅរាជធានីភ្នំពេញ និងជំរុញដល់យុវជនយុវនារី ឲ្យចូលរួមហាត់កីឡា និងលេងកីឡាតាមប្រភេទដែលពួកគេចូលចិត្ត ពិសេស បានចូលរួមកាត់បន្ថយនូវអំពើរឧបាយមុខ ដែលបង្កឡើងនៅក្នុងសង្គម។ មួយវិញទៀត ការហាត់ និងលេងកីឡា គឺជាកក្តាចាំបាច់ដែលនាំមកនូវ ការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមយើងមានការឯកភាព សាមគ្គីភាពគ្នា ដ៏រឹងមាំក្នុងកសាង និងការពារជាតិយើងចាប់ពីយុវជនតទៅ ។

អនុប្រធានមន្ទីរ អប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានអះអាងទៀតថា សកម្មភាពនៃការប្រកួតនេះ វាគឺជាក៏ជាផ្នែកមួយ ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាស្របតាមមុំមួយ នៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលគំពុងឈាន ទៅរកកម្រិតមួយ ឲ្យស្របទៅនិងការវិវឌ្ឍ រីកចំរើនរបស់ប្រទេសជាតិ ។ទន្ទឹមនិងនេះដែរ កម្ពុជាក៏កំពុងត្រៀមខ្លួន ក្នុងការបណ្តុះបណ្តាលថ្នាល ដើម្បីសំរិតសម្រាំង កីឡាករកីឡាការិនី ត្រៀមចូលរួមក្នុង ការធ្វើជាម្ចាស់ផ្ទះកីឡាយុវជន អាស៊ីឆ្នាំ២០២៩ នាពេលខាងមុខ ។
គួរឲ្យដឹងដែរថា វិញ្ញសាបាល់ទាត់វិទ្យាល័យដែលបានបិទបញ្ចប់ចុងក្រោយគេនាព្រឹកថ្ងៃទី១៧ ក្រុមបាល់ទាត់ម្ចាស់ជើងឯក បានទៅលើវិទ្យាល័យឥន្ទ្រៈទេវី .ក្រុមបាល់ទាត់ជើងឯករង បានទៅលើក្រុម បាល់ទាត់សាលាសុវណ្ណាភូមិ និងក្រុមបាល់ទាត់ ចំណាត់លេខ៣ បានទៅលើ សាលាចំណេះទូទៅបច្ចេកទេស ហ៊ុន សែន ជំពូវ័ន្ត៕
