ខេត្តកណ្តាល ៖ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាលបានប្រកាស បើកការប្រកួតកីឡាបាល់ទាត់ នារីជ្រើសរើសជើងឯក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតនេះធ្វើឡើង ដើម្បីចម្រាញ់រកកីឡាការិនី បាល់ទាត់ឆ្នើមប្រចាំខេត្ត ចូលរួមការប្រកួតទូទាំងប្រទេស ។

យោងផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល គ្រោងរៀបចំការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅកីឡដ្ឋានខេត្តកណ្តាល។ ការទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧,០០ នាទី នៅការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

លោកអភិបាល ក្រុង ស្រុក លោក លោកស្រីប្រធាន ក្លឹបបាល់ទាត់ ក្នុង ខេត្តទាំងអស់ ចាត់បញ្ជូនក្រុមកីឡាការិនីចូលរួមក្នុងកម្មវិធីនេះឱ្យបានច្រើនកុះករ ក៏ដូចជាការលើកស្ទួយ វិស័យបាល់ទាត់នារីក្នុងខេត្ត ឱ្យកាន់តែផុសផុល នឹងប្រកបដោយសក្តានុពលជាតំណាងខេត្តកណ្តាល ដើម្បី ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ នាពេលខាងមុខ៕
