កីឡា

បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា”ជាផ្លូវការ

ភ្នំពេញ​ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាកិត្តិយសក្នុងឱកាសពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា” ដែលរៀបចំឡើង ដោយប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា នៅសាលប្រជុំ នាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនក្នុងពហុកីឡដ្ឋានជាតិ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា និងជាប្រធានគណៈគ្រប់គ្រង វគ្គការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡាបាននិយាយថា វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការប្រើប្រាស់ព័ត៌មានវិទ្យា សម្រាប់ការស្រង់ទិន្នន័យ និងស្ថិតិកីឡា” ប្រព្រត្តិទៅមានរយៈពេល ០៥ថ្ងៃ គឺពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមមានចំនួន ៦០នាក់ (ស្រី០៩នាក់) ។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងដើម្បីស្វែងយល់ពីមូលដ្ឋានគ្រិះនៃទិន្នន័យ ស្វែងយល់ពីការកំណត់ប្រភេទទិន្នន័យ សម្រិតសម្រាំងទិន្នន័យ ចងក្រងទិន្នន័យ និងការសរសេរកម្រងសំណួរ សម្រាប់ការចុះស្រង់ស្ថិតិ សិក្សាមូលដ្ឋានគ្រឹះអំពីការបង្កើតឧបករណ៍ស្រង់ទិន្នន័យ ស្វែងយល់ពីបរិបទក្នុងការធ្វើការងារដោយប្រើបច្ចេកវិទ្យាទំនើប ដូចជាការប្រើប្រាស់ កម្មវិធីទំនាក់ទំនង និងការគ្រប់គ្រងការងារ ការប្រើប្រាស់កម្មវិធី Excel ក្នុងវិស័យស្ថិតិ និង ការសិក្សាពីការរចនារូបភាពកម្រិតដំបូង តាមវិធីសាស្រ្តងាយៗ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល ដើម្បីជួយផ្នែកបច្ចេកវិទ្យាបន្តវិវឌ្ឍ និងបញ្ចូលទៅក្នុងប្រតិបត្តិការ ប្រចាំថ្ងៃ ការយល់ដឹង អំពីវិសាលភាពនៃការទទួលយកព័ត៌មានវិទ្យា គឺមានសារសំខាន់សម្រាប់អាជីវកម្ម អ្នកបង្កើតគោលនយោបាយ និងអ្នកស្រាវជ្រាវ ។ ហើយតាមការប៉ាន់ស្មានអ្នកប្រើប្រាស់ព័ត៌មានវិទ្យា (IT) ទូទាំងសាកលលោកទៅតាមផ្នែកខុសគ្នា។ ការធ្វើសមាហរណកម្ម នៃបច្ចេកវិទ្យាព័ត៌មាន នៅទូទាំងឧស្សាហកម្មផ្សេងៗ គឺជាសក្ខីភាពមួយ ចំពោះសារសំខាន់របស់វាក្នុងការបង្កើនប្រសិទ្ធភាព ផលិតភាព និងការផ្តល់សេវាកម្ម។ នៅពេលបច្ចេកវិទ្យាបន្តរីកចម្រើន វាត្រូវបានគេរំពឹងថាភាគរយ នៃបុគ្គលដែលប្រើប្រាស់ ប្រព័ន្ធព័ត៌មានវិទ្យា នឹងកើនឡើង ធ្វើឲ្យការផ្លាស់ប្តូរ ទិដ្ឋភាព នៃឧស្សាហកម្មពិភពលោកបន្ថែមទៀត ។

លោករដ្ឋលេខាធិការក្រសួងអប់រំ បានបញ្ជាក់ថា ការយល់ដឹង អំពីនិន្នាការទាំងនេះ គឺចាំបាច់សម្រាប់អ្នកពាក់ព័ន្ធ ដែលមានគោលបំណងប្រើប្រាស់ បច្ចេកវិទ្យាសម្រាប់ការរីកចម្រើន និងការច្នៃប្រឌិត។ ជាពិសេស សម្រាប់ការប្រមូល និងវិភាគទិន្នន័យ និងស្ថិតិកីឡា ។ ដោយសារឧស្សាហកម្មកីឡាពឹងផ្អែកកាន់តែខ្លាំងឡើងលើការសម្រេចចិត្តដែលជំរុញដោយទិន្នន័យ ការយល់ដឹងពីរបៀបប្រមូលផ្តុំ គ្រប់គ្រង និងបកស្រាយទិន្នន័យកីឡាប្រកបដោយប្រសិទ្ធភាព បានក្លាយជាកត្តាចាំបាច់សម្រាប់អត្តពលិក គ្រូបង្វឹក អ្នកវិភាគ និងអង្គការកីឡា ។

ទន្ទឹមនឹងនេះអគ្គនាយកដ្ឋានកីឡា ជាប្រតិបត្តិករ នៃវិស័យកីឡា គឺពិតជាមានភាពទទួលខុសត្រូវខ្ពស់ និងត្រូវស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ពិសេសជំរុញឲ្យមន្រ្តី អនុវត្តការងារ ពន្លឿនការយល់ដឹងរបស់ខ្លួនលើបច្ចេកវិទ្យាប្រតិបត្តិការការងារ នាសម័យឌីជីថលដល់បុគ្គលិកអប់រំគ្រប់រូប។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានមើលឃើញពីគុណតម្លៃ នៃការប្រើបច្ចេកវិទ្យាទំនើប ក្នុងប្រតិបត្តិការការងារ និង បានរៀបចំឱ្យមានវគ្គនេះ ដើម្បីដុសខាត់ចំណេះជំនាញបច្ចេកវិទ្យា ព័ត៌មានវិទ្យា បន្ថែមទៀតសម្រាប់មន្រ្តី តាមអង្គភាពទាំងអស់ចំណុះអគ្គនាយកដ្ឋានកីឡា ៕
ដោយ៖លី ភីលីព

Most Popular

To Top