ភ្នំពេញ ៖ លោក ណយ ផាណា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការតំណាងឲ្យលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសvកកម្មពិសេស និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ផាត់ បញ្ញាសុជាតក៌ អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឺកហ្វឹនកីឡា លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងតំណាងក្រសួង ការពារជាតិ និងក្រសួងមហាផ្ទៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញចូលរួមពិធី “បិទ” ការប្រកួតកីឡា កាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៩ ប្រចាំឆ្នាំ២០២៥ នៅសាលហ្វឹកហាត់សហព័ន្ធដំបូលទូក នៃពហុកីឡដ្ឋានជាតិ។

ដោយផ្អែកតាមរបាយការណ៍ របស់គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៩ ប្រចាំឆ្នាំ២០២៥ ទទួលបាននូវលទ្ធផល ល្អប្រសើរ។ នេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហ្វឹកហាត់កន្លងមក។ ជាលទ្ធផល កីឡាករឥកីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ បានខិតខំតស៊ូព្យាយាមហ្វឹកហាត់ គោរពវិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ បង្ហាត់បង្រៀនរបស់គ្រូបង្វឹក និងដោយមានការយកចិត្តទុកដាក់ពីក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាពិសេសថ្នាក់ដឹកនាំសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយមន្ត្រីបច្ចេកទេសផងដែរ ។

លោក ណយ ផាណា បានមានប្រសាសន៍ថា ក្នុងនាមលោកបណ្ឌិតប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលបានចូលរួមប្រកួតកីឡា កាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥នេះ ដោយគោរពតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមបទបញ្ជាបច្ចេកទេស ក្រមសីលធម៌កីឡា និងស្មារតី Fair Play ក្នុងការប្រកួត ទើបនាំឱ្យការប្រកួតនេះប្រព្រឹត្ត ទៅដោយរលូនតាំងពីដើមរហូតចប់។ ជាពិសេសេក្នុងអាណត្តិទី៦ និងដើមអាណត្តិទី៧នេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានធ្វើឲ្យមានការចាប់អារម្មណ៍ ទាំងក្នុងប្រទេស តំបន់ និងក្រៅតំបន់ ដោយយើងបានអនុវត្តតាមផែនការមេឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកម្ពុជាពុំធ្លាប់មាន។
លោកបណ្ឌិតប្រធាន បានលើកទឹកចិត្តឲ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជា ខិតខំដកស្រង់បទពិសោធន៍បច្ចេកទេស ពីរាល់ការប្រកួតជាលក្ខណៈអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងនេះ មកបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីរបស់យើងឲ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយ ជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានា ឆ្ពោះទៅកាន់កីឡាអាស៊ីយុវជនឆ្នាំ២០៣១ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ និងសូមឲ្យសហព័ន្ធខិតខំបំផុសមហាជនឱ្យស្រឡាញ់ ចូលចិត្តហាត់ហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធបន្ថែមទៀតនៅតាមរាជធានី ខេត្ត ។

លោកអគ្គលេខាធិការ បានបន្តថា បើគិតចាប់ពីពេលនេះ រហូតដល់កីឡាស៊ីហ្គេមលើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេស ម៉ាឡេស៊ី មានរយៈពេល ២ឆ្នាំ ដោយឡែក សម្រាប់កីឡាអាស៊ីយុវជនឆ្នាំ២០៣១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ ផ្ទះយើងមានរយៈពេល៥ ទៅ៦ឆ្នាំតែប៉ុណ្ណោះ ។ ដើម្បីឱ្យប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជា កាន់តែមានការរីកចម្រើន ទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ ទទួលបានលទ្ធផលល្អ ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិនានា។ ជាពិសេសការត្រៀម លក្ខណៈចូលរួមប្រកួតកីឡាអន្តរជាតិ និងហ្គេមនានាក្នុងឆ្នាំ២០២៦ និងធ្វើជាម្ចាស់ផ្ទះកីឡា យុវជនអាស៊ីឆ្នាំ២០៣១។

លោកបណ្ឌិតប្រធាន បានផ្តល់នូវអនុសាសន៍ មួយចំនួនដល់សហព័ន្ធរួមមាន បណ្តុះបណ្តាលកីឡាករ-កីឡាការិនីថ្នាល តាមកម្រិតអាយុ និង បញ្ជូនទៅហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេក ទេសកម្រិតខ្ពស់(High Performance)។ ពង្រឹងសមត្ថភាព ចៅក្រម មន្រ្តីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយ ឱ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ។ ជំរុញឱ្យមានការរៀបចំការប្រកួតឱ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តា ក្លឹប និងសមាគម។ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ ក្លឹប សមាគម ដែលមានរួចមកហើយឱ្យបានរឹងមាំ និងស្វែងរកដៃគូរអភិវឌ្ឍបន្ថែមទៀត ។ ជំរុញឱ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឱ្យបានច្រើនជារៀងរាល់ឆ្នាំ។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះសមិទ្ធិផលកន្លងមក ដែលប្រតិភូដឹកនាំ ក្លឹប សមាគមកីឡាកាយសម្ព័ន្ធ នៃក្រសួង រាជធានី ខេត្ត និង អង្គភាពពាក់ព័ន្ធទាំងអស់បានបញ្ជូន ប្រតិភូកីឡារបស់ខ្លួនចូល រួមការប្រកួតឆ្នាំនេះ ប្រកបដោយមិត្តភាព សាមគ្គីភាព ហើយគោរពបានត្រឹមត្រូវ តាមបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ដោយមិនគិតពីការយកឈ្នះចាញ់ ពោលគឺឈរលើស្មារតីនៃកីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនគុណផលបច្ចេកទេស (Fair Play)។ ទន្ទឹមគ្នាផងដែរ ក្នុងនាមសហព័ន្ធ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះមន្រ្តីបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់(ថវិកាគាំទ្រ ពន្លឿនអភិវឌ្ឍ សហព័ន្ធកីឡាជាតិ ការប្រមូលផ្តុំក្រុមជម្រើសយុវជនថ្នាល ក្រុមជម្រើសជាតិ) គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកាត់សេចក្តីជូនដល់កីឡាករ កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌មិនលម្អៀង ធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕







