កីឡា

អគ្គនាយកដ្ឋានកីឡាអំពាវនាវសហព័ន្ធកីឡាជាតិ គ្រូបង្វឹក អត្តពលិក និងបុគ្គលិកអប់រំចូលរួមឧបត្ថម្ភគាំទ្រដល់បុគ្គលិកអប់រំ លោកគូ អ្នកគ្រូ និងសិស្ស-និស្សិតដែលរងគ្រោះដោយសារសង្គ្រាម

ភ្នំពេញ៖ ក្នុងនាមអគ្គនាយកដ្ឋានកីឡា និងក្នុងនាម លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា បាទផ្ទាល់សូមជម្រាបជូនដំណឹងដល់លោក លោកស្រី ប្រធាននិងមន្ត្រីនៃសហព័ន្ធកីឡាជាតិ គ្រូបង្វឹក កីឡាករ កីឡាការិនី បុគ្គលិកអប់រំនៃអគ្គនាយកដ្ឋានកីឡាព្រមទាំងសាធារណជនទាំងអស់ក្នុងស្មារតីមនុស្សធម៌ចូលរួមគាំទ្រ និងជួយដល់បុគ្គលិកអប់រំ លោកគូ អ្នកគ្រូ និងសិស្ស-និស្សិតរងគ្រោះដោយសារសង្គ្រាម ឬកំពុងភៀសខ្លួនពីតំបន់មានជម្លោះប្រដាប់ អាវុធ ទៅស្នាក់នៅតំបន់សុវត្ថិភាព។

អគ្គនាយកដ្ឋានកីឡា បានបន្តថា ដើម្បីចូលរួមឧបត្ថម្ភគាំទ្រ និងជួយសម្រាលទុក្ខលំបាកជូនដល់បុគ្គលិកអប់រំ លោកគូ អ្នកគ្រូ និងសិស្ស-និស្សិត ដែលរងគ្រោះដោយសារសង្គ្រាម ឬកំពុងភៀសខ្លួនពីតំបន់មានជម្លោះប្រដាប់ អាវុធ ទៅស្នាក់នៅតំបន់សុវត្ថិភាព ដូចនេះខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកសី មេត្តាចូលរួមបរិច្ចាគនូវថវិកា សម្ភារសិក្សា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ឬសម្ភារប្រើប្រាស់ ផ្សេងៗ តាមកម្លាំងសទ្ធាជ្រះថ្លា និងតាមលទ្ធភាព ដើម្បីស្ដែងឱ្យឃើញពីវប្បធម៌នៃការចែករំលែក និង មនោសញ្ចេតនាអាណិតស្រឡាញ់ក្នុងគ្រាដ៏លំបាកនេះ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសង្ឃឹមយ៉ាងមុតមាំលើស្មារតីសាមគ្គីភាព ក៏ដូចជា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ដែលជានិច្ចកាលជាវប្បធម៌នៃការចែករំលែកដ៏រស់រវើករបស់ ប្រជាជាតិខ្មែរយើង។ ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមបរិច្ចាគ ឬផ្ទេរថវិកា មកលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានកីឡា តាមរយៈ លេខទូរស័ព្ទ ០៩៦ ៤០១ ០៣២៣/០១១ ៨២៣ ២៨០ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

ដោយ៖លី ភីលីព

Most Popular

To Top