កីឡា

កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិ ១២ប្រទេស ចូលរួមការប្រកួតកីឡាវាយកូនបាល់ជើងឯក ITF អាស៊ីអាយុក្រោម ១៤ ឆ្នាំ ឆ្នាំ ២០២៦ នៅកម្ពុជា

ភ្នំពេញ៖កីឡាករ-កីឡាការិនីជាតិ និងអន្តរជាតិមកពី ១២ ប្រទេសបានចុះឈ្មោះចូលរួមប្រកួតប្រជែងដើម្បីដណ្តើមកៅអីក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯក ITF អាស៊ីអាយុក្រោម ១៤ ឆ្នាំ ឆ្នាំ ២០២៦ “ITF Asia 14 & Under Development Championships 2026” ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ។

លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនបាល់ជើងឯក ITF អាស៊ីអាយុក្រោម ១៤ ឆ្នាំ ឆ្នាំ ២០២៦ “ITF Asia 14 & Under Development Championships 2026” នេះមានកីឡាករ-កីឡាការិនីមកពី១២ ប្រទេសរួមមានប្រទេស បង់ក្លាដែស ប្រទេសប៊ូតាន់ ប្រទេសព្រុយណេ ប្រទេសឡាវ ប្រទេសម៉ាល់ឌីល ប្រទេសម៉ុងហ្គោលី ប្រទេសប៉ាគីស្ថាន ប្រទេសហ្វីលីពីន ប្រទេសសិង្ហបូរី ប្រទេសទីមរទីម័រខាងកើត ប្រទេសវៀតណាម និងម្ចាស់ផ្ទះកម្ពុជា។

លោកអគ្គលេខាធិការរង បានបន្តថា ការប្រកួតកីឡាវាយកូនបាល់ជើងឯក ITF អាស៊ីនេះ ជាព្រឹត្តិការណ៍ជម្រុះតំបន់ (អាស៊ីខាងត្បូង អាគ្នេយ៍ និងអាស៊ីខាងកើត)។ ការប្រកួតនេះនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ ដោយមានប្រទេសចូលរួមចំនួន ១២។ ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ នឹងទទួលបានកៅអីរបស់ពួកគេនៅក្នុងវគ្គផ្តាច់ព្រ័ត្រជើងឯកអភិវឌ្ឍន៍នៅឆ្នាំ ២០២៧៕

ដោយ៖លី ភីលីព

Most Popular

To Top