ភ្នំពេញ៖នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអង្គការបេះដូងមាស (Hearts of Gold) ដឹកនាំដោយ លោកស្រី ARIMORI Yuko ប្រធានអង្គការបេះដូងមាស និងមានការចូលរួមពីសំណាក់ លោក លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងនៅទីស្ដីការក្រសួង ។

ក្នុងឱកាសនេះ លោកស្រី ប្រធានអង្គការ បេះដូងមាស បានបង្ហាញ សេចក្តីរីករាយបានមក ទស្សនកិច្ចនៅប្រទេស កម្ពុជាម្តងទៀត និងមានមោទនភាពចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយក្រសួងអប់រំ យុវជន និងកីឡាតាំងពីឆ្នាំ២០០៦ ដែលបានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និងសៀវភៅណែនាំសម្រាប់គ្រូអប់រំកាយ នៅគ្រប់កម្រិតសិក្សា ។

លោកស្រី ក៏បានបង្ហាញពីវឌ្ឍនភាពនៃគម្រោងបណ្តុះបណ្តាលបរិញ្ញាបត្រ ៤ឆ្នាំ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ដោយប្រើប្រាស់ប្រព័ន្ធ ICT និង បានណែនាំនូវគម្រោងថ្មី ក្នុងគោលបំណងបញ្ជ្រាបការអប់រំកាយ សម្រាប់ជនមានពិការភាព ដែលទទួលបានការគាំទ្រពីមូលនិធិ ASICS។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា គម្រោងទាំងនេះនឹងបន្តលើកកម្ពស់សុខុមាលភាព និងសមត្ថភាពរបស់យុវជនកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការបេះដូងមាស បានគាំទ្រវិស័យកីឡានៅកម្ពុជាជាច្រើនឆ្នាំកន្លងមកនេះ ចាប់ផ្តើមពីការគាំទ្រជនមានពិការភាពឲ្យចូលរួមរត់ប្រណាំង រហូតដល់ការរួមចំណែកដល់ភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games) នៅកម្ពុជាកន្លងមកនេះ។ ពាក់ព័ន្ធនឹងកំណែទម្រង់វិស័យកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីវឌ្ឍនភាព ដែលកម្ពុជាសម្រេចបាន រួមមានការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធកីឡា និងការជួសជុលកែលម្អពហុកីឡាដ្ឋាន នានាឱ្យមានភាពប្រសើរឡើងដើម្បីគាំទ្រដល់ការប្រកួតកម្រិតជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ យន្តការ នៃការផ្លាស់ប្តូរកីឡាករដើម្បីដកស្រង់បទពិសោធ ក៏ត្រូវបានអនុវត្តយ៉ាងសកម្ម ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃវិស័យកីឡាជាតិ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តយ៉ាងខ្លាំ ងចំពោះវឌ្ឍនភាព ដែលវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា (NIPES) សម្រេច បាននាពេលបច្ចុប្បន្ន និងវាយតម្លៃខ្ពស់ជាពិសេសលើការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទន់ដែលផ្តោតលើការធ្វើទំនើបកម្មកម្មវិធីសិក្សា និងការបញ្ជ្រាបការប្រើប្រាស់ប្រព័ន្ធ ICT ក្នុងកម្រិតបរិញ្ញាបត្រ ៤ ឆ្នាំ ដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាលគ្រូអប់រំកាយឲ្យស្របតាមស្តង់ដាតំបន់។ ក្នុងន័យនេះ ក្រសួងនឹងបន្តផ្តល់ការណែនាំ បច្ចេកទេស និងការគាំទ្រផ្នែកគោលនយោបាយ ដើម្បីធានាឱ្យការអនុវត្តគម្រោង បណ្តុះបណ្តាលបរិញ្ញាបត្រនេះ និងគម្រោងអប់រំកាយបរិយាបន្ន (Inclusive PE) ដែលទើបនឹងចាប់ផ្តើមថ្មី សម្រេចបានជោគជ័យតាមទិសដៅដែលបានកំណត់៕



