កីឡា

ក្រុមគណៈប្រតិភូកីឡាករ និង អត្តពលិកជីជឺតស៊ូ និងកីឡាទ្រយ៉ាត្លុង ចូលរួមការប្រកួតកីឡា លើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ នៅចិន

ភ្នំពេញ៖លោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡាតំណាងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡានាថ្ងៃទី២០ ខែមសា ឆ្នាំ២០២៦ នេះបានជូនដំណើរគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនី ២ ប្រភេទកីឡា របស់ប្រទេសកម្ពុជា ទៅចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរ ខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” ដែលប្រព្រឹតទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្រុមគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនី ២ ប្រភេទកីឡារបស់ប្រទេសកម្ពុជា ដែលត្រូវចេញដំណើរចូលរួមព្រឹត្តិការណ៍ ខាងលើកនេះមានចំនួន ៩ នាក់ក្នុងនោះកីឡាជីជឺតស៊ូមានចំនួន៥ នាក់ និងកីឡាទ្រយ៉ាត្លុងមានចំនួន ២ នាក់ និងគណៈប្រតិភូ២ នាក់ទៀត។

កម្ពុជាត្រៀមបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការីនី ៤ ប្រភេទកីឡាមានចំនួន ៣២ រូបដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន ប្រទេសចិន។ ការប្រកួតនេះមាន ១៤ប្រភេទកីឡា និងប្រទេសចូលរួមប្រមាណ ៤៥ ក្នុងតំបន់អាស៊ីដែលមានកីឡាករ-កីឡាការិនីចំនួន ៣,៧៩៨នាក់ចូលរួម។

សម្រាប់កីឡា ៤ ប្រភេទដែលកម្ពុជាបញ្ជូនចូលរួមដូចជា កីឡាចំបាប់ កីឡាទ្រយ៉ាត្លុង កីឡាជីជឺតស៊ូ និងកីឡាបាល់ទាត់លើតុ ។ ប្រភេទកីឡាចំបាប់មានចំនួន ៨ នាក់ កីឡាទ្រយ៉ាត្លុងមានចំនួន ២ នាក់ កីឡាជីជឺតស៊ូមានចំនួន៥ នាក់ និងកីឡាបាល់ទាត់លើតុមានចំនួន ៧ នាក់ និងប្រធាន អនុប្រធានគណៈប្រតិភូ សរុបចំនួន ៣២ រូប។

ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី “Asain Beach Games” ត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០០៨ បន្ទាប់មកព្រឹត្តិការណ៍នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ (២០១០) ទីក្រុងហៃយ៉ាង ប្រទេសចិន (២០១២) ទីក្រុងភូកេត ប្រទេសថៃ (២០១៤) និង ទីក្រុងដាណាង ប្រទេសវៀតណាម (២០១៦)។

Most Popular

To Top