ឡុងដ៍ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ការតែតបាល់បញ្ចូលទីនៅនាទីទី ២៣ របស់កីឡាករ Enzo Fernandez បានជួយឲ្យក្រុម Chelsea ឈ្នះ ១-០ លើក្រុម Leeds នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមខ្លួនការប្រកួតជាមួយក្រុម Manchester City ដណ្តើមជើងឯកនៅថ្ងៃទី ១៦ ខែឧសភា នៅកីឡដ្ឋាន Wembley។
ការឈ្នះពាន FA Cup របស់ក្រុម Chelsea កំពុងជួយសង្គ្រោះយុទ្ធនាការមួយដែលបានធ្លាក់ចេញពីផ្លូវ បន្ទាប់ពីការធ្លាក់ចេញពី Champions League យ៉ាងអាម៉ាស់ទៅ Paris Saint-Germain ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ និងការចាញ់ ៥ ប្រកួតជាប់ៗគ្នាPremier League ដែលជាកំណត់ត្រាអាក្រក់បំផុតរបស់ក្រុមព្រឹត្តឹការណ៍លីគក្នុងរយៈពេល ១១៤ ឆ្នាំ និងនាំឲ្យមានការបណ្តេញអ្នកចាត់ការទូទៅ Liam Rosenior ចេញពីតំណែងនៅពាក់កណ្តាលសប្តាហ៍។
លោក Calum McFarlane ជំនួយការរបស់លោក Rosenior គ្មានបទពិសោធន៍ និងមិនសូវល្បីឈ្មោះ បានគ្រប់គ្រងក្រុម Chelsea រហូតដល់ចុងបញ្ចប់នៃរដូវកាល ហើយឥឡូវនេះគាត់នឹងដឹកនាំក្រុមត្រឡប់ទៅ Wembley នៅខែក្រោយ ដើម្បីស្វែងរកអ្វីដែលនឹងក្លាយជាពានរង្វាន់ FA Cup លើកទី៩របស់ក្លឹប និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៨។
លោក McFarlane បាននិយាយថា វាជារឿងសំខាន់ក្នុងការបំបែកសន្ទុះ និង ទម្រង់លេងដែលយើងមាន។ យើងមានទំនុកចិត្តថាយើង នឹងធ្វើបែបនោះនៅថ្ងៃនេះ ហើយខ្ញុំគិតថារឿងនេះផ្លាស់ប្តូរអារម្មណ៍នៅក្នុងក្រុមទាំងស្រុង។
លោក Fernandez បានទទ្ទួលបានការបញ្ជូនបាល់ ពីស្លាបស្តាំពី Pedro Neto ជាមួយនឹងការតែតបាល់យ៉ាង រឹងមាំចូលទៅក្នុងទី សម្រាប់គ្រាប់បាល់តែមួយគត់ ។ ខ្សែបម្រើអាហ្សង់ទីនរូបនេះថ្មីៗនេះ បានបង្កឲ្យមានភាពចម្រូងចម្រាស ដោយនិយាយជាសាធារណៈអំពីការចង់រស់នៅក្នុងទីក្រុងម៉ាឌ្រីដ ធ្វើឲ្យគាត់ត្រូវបានក្រុមព្យួរការប្រកួតពីរលើក ប៉ុន្តែលោក McFarlane មានសេចក្តីសោមនស្សរីករាយ ក្នុងការផ្តល់ឲ្យលោក Fernandez នូវអាវប្រធានក្រុមប្រឆាំងនឹងក្រុម Leeds ៕
