កីឡា

លោក ប៊ុន ផេង ៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សា នេះធ្វើឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងទេពកោសល្យរបស់កីឡាករ-កីឡាការិនីខេត្តកណ្តាល

ខេត្តកណ្តាល៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាលតំណាងឲ្យលោក គួច ចំរើន អភិបាលនៃគណៈអភិបាលនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញគណៈអធិបតី ក្នុងពិធីបិទការប្រកួតកីឡាសម្រាប់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅទីលានបាល់ទាត់ខេត្តកណ្តាល ក្រុងតាខ្មៅ រៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការប្រកួតកីឡាសម្រាប់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នាពេលនេះ ធ្វើឡើងដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស នឹងទេពកោសល្យរបស់កីឡាករ-កីឡាការិនី ដែលបានខិតខំហ្វឹកហាត់នៅតាមគ្រឹះស្ថានសិក្សាក្រុង ស្រុកនីមួយៗ។

តាមរបាយការណ៍ របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងជាប្រធានគណៈកម្មការរៀបចំការប្រកួត យើងឃើញថា វិស័យកីឡារបស់ខេត្តកណ្តាល មានការរីកចម្រើនគួរឲ្យកត់សម្គាល់នេះគឺជាការយកចិត្តទុកដាក់ពីរដ្ឋបាល ក្រុង ស្រុក និងលោក លោកស្រីគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា ក្នុងខេត្តទាំងអស់ដើម្បីរួមចំណែកអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។

អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ទន្ទឹមនេះ វិស័យកីឡាក៏បានចូលរួមយ៉ាងសកម្ម ដើម្បីត្រៀមឆ្ពោះទៅការប្រកួតកីឡានានា ដោយបានរៀបចំផែនការប្រកួតកីឡាច្រើនប្រភេទ និងបានផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីការអប់រំកាយ និងកីឡា ដែលមានខ្លឹមសារ “ យុវជនម្នាក់ មានជំនាញកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត “ ព្រមទាំងបានចូលរួមចំណែកក្នុងការអនុវត្ត”ស្តង់ដាសាលារៀនគំរូ” ផងដែរ។ តាមរយៈនៃការប្រកួតនេះ យើងឃើញថា ក្មួយៗកីឡាករ កីឡាការិនីទាំងអស់បានយកស្មារតីសាមគ្គីភាព មិត្តភាព និងគោរពទៅតាមបទបញ្ជាបច្ចេកទេសរបស់គណៈកម្មការរៀបចំការប្រកួតទាំងសាមគ្គីភាពក្នុងក្រុម និងរវាងក្រុមមួយទៅ ក្រុមមួយទៀតធ្វើឱ្យការប្រកួតនេះទទួលបានលទ្ធផលគួរជាទីមោទនៈ។

លោក ប៊ុន ផេង បានបន្ថែមថា ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំសូមដាក់ចេញនូវទិសដៅមួយចំនួនដើម្បីឲ្យរដ្ឋបាល ក្រុង ស្រុក ព្រមទាំងលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក និងលោក លោកស្រី ជានាយក នាយិកា គ្រប់គ្រឹះស្ថានមធ្យមសិក្សាក្នុងខេត្ត យកទៅអនុវត្តមានរួមមានត្រូវយកចិត្តទុកដាក់ការអនុវត្តផ្នែកអប់រំកាយ និងកីឡា នៅតាមគ្រឹះស្ថានសិក្សាដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវការវិវត្តន៍ផ្នែករូបរាងកាយ បញ្ញាស្មារតី ក៏ដូចជាការអនុវត្តម៉ោងសិក្សាតាមការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ២ ម៉ោងក្នុង មួយសប្តាហ៍ឲ្យបានខ្ជាប់ខ្ជួន។

ត្រូវយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡាឲ្យមានច្រើនប្រភេទទៅតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់សាលា (បើទីលានមានស្រាប់ត្រូវថែរក្សា ជួសជុល និងកែលម្អ)។ ត្រូវបណ្តុះបណ្តាលធនធានមនុស្ស (កីឡាករ) ឱ្យចេះស្រលាញ់ចូលចិត្តលេងកីឡា ស្របទៅ នឹងយុទ្ធសាស្រ្តកំណែទម្រង់លើផ្នែកអប់រំកាយ និងកីឡា ដោយយុវជនម្នាក់ត្រូវមានជំនាញកីឡា មួយ ប្រភេទយ៉ាងតិចប្រចាំជីវិត៕

ដោយ៖លី ភីលីព

Most Popular

To Top